(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ហ្វូតសាលពានរង្វាន់ Makor Futsal League 2023 គ្រោងនឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មី បន្ទាប់ពីស្ថាបនិកពាន លោក សាត ស៊ីវ៉ែន ហៅ កំសត់ បានចំណាយធនធានដ៏ច្រើន ធ្វើការជួសជួល និងសាងសង់ទីលាន មករ ឡើងវិញ ឲ្យមានលក្ខណៈស្ដង់ដារអន្ដរជាតិរួចរាល់ កាលពីថ្មីៗ ។

នេះបើតាមការបញ្ជាក់របស់ស្ថាបនិកពានពាក់កណ្ដាលអាជីពខាងលើ ក្រោយបញ្ចប់ការប្រកួតបើករដូវកាលថ្មី Makor Futsal Super Cup 2023 រវាងក្រុមជើងឯក ២ផ្សេងគ្នា គឺក្រុមឪម៉ាល់អេហ្វស៊ី ជើងឯកពាន Makor Futsal League 2021 និងក្រុម DIG88 FC ជើងឯកពាន Makor Futsal Cup U23 2022 កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ ដោយក្រុមឪម៉ាល់អេហ្វស៊ី បានគ្រងជើងឯក ក្រោយទទួលជ័យជម្នះ ក្នុងលទ្ធផល ៧-១ ។

លោកបានសម្ដែងការសប្បាយចិត្ត ដែលជម្នះការលំបាក ដើម្បីបន្ដរៀបចំពានបាល់ទាត់ហ្វូតសាលខាងលើ ពិសេសការរៀបចំនូវទីលានថ្មី ដែលមានលក្ខណៈស្ដង់ដារ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់ហ្វូតសាលជាតិ ។ លោករំពឹងថា វត្តមានរបស់ទីលាននេះ នឹងជំរុញឲ្យកីឡាករ ក៏ដូចជាក្រុមបាល់ទាត់ហ្វូតសាលកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់ ឆ្ពោះទៅរកការប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ ។

លោក សាត ស៊ីវ៉ែន បន្ថែមថា «ខ្ញុំសប្បាយចិត្ត ដែលយើងមានទីលានថ្មី និងស្ដង់ដារ ដើម្បីឆ្លើយតបតម្រូវការ និងឲ្យចំគោលដៅ នៃវិស័យបាល់ទាត់ហ្វូតសាលកម្ពុជា ។ ពេលយើងមានទីលានស្ដង់ដារនេះ ខ្ញុំគិតថា វិស័យកីឡាមួយនេះ នឹងរីករួមចម្រើនទៅមុខទៀត ហើយយើងទៅលេងក្រៅប្រទេស ក៏លែងខ្លាចគេ រឿងទីលាននេះដែរ»

សម្រាប់រដូវកាលថ្មីវិញ លោកបានសម្រេចរៀបចំការប្រកួត ២ព្រឹត្តិការណ៍ដំណាលគ្នាតែម្ដង ពោលគឺការប្រកួតពានរង្វាន់ Makor Futsal league ដែលនឹងចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ មានបេក្ខភាព ៨ក្រុមចូលរួម និងពានរង្វាន់ Makor Futsal League 2 នឹងត្រូវចាប់ផ្ដើមការប្រកួតនាសប្ដាហ៍ក្រោយ មានបេក្ខភាព ៨ក្រុមដូចគ្នា ដែលសម្រិតសម្រាំងសុទ្ធតែក្រុមខ្លាំងៗ ។ ការប្រកួតនេះ គ្រោងចំណាយពេលជិតកន្លះឆ្នាំឯណោះ ៕