(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមដឹកនាំប្រតិភូសិល្បៈកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

ជាក់ស្ដែង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. និងជាប្រធានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៣ រួមជាមួយលោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យដឹកនាំការសម្ដែង និងសិល្បករ សិល្បការិនី បានអញ្ជើញចូលរួមក្នុងពិធីសំពះគ្រូ រំលឹកគុណគ្រូ និងបួងសួងសុំសេចក្តីសុខមុនការចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី។

លោកស្រី ដាំ ដារិនី បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីសង្ឃឹមរបស់យើង» ហើយប្រភេទសិល្បៈដែលកម្ពុជាត្រូវនាំយកទៅបង្ហាញនោះរួមបញ្ចូលទាំងរបាំងសហសម័យ, របាំងបុរាណ និងសៀករហ័សសកម្មផងដែរ។

សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់សមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជាសរុបចំនួន៣៥នាក់ ចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building, សាធារណរដ្ឋសិង្ហបុរី៕