(បរទេស)៖ គម្រោងចេញលក់ស្មាតហ្វូនជាលើកដំបូងរបស់ក្រុមហ៊ុនផលិតភេសជ្ជៈអាមេរិកកូកា-កូឡា ក្នុងប្រទេសឥណ្ឌានៅខែមីនា ខាងមុខនេះត្រូវបានគេរាយការណ៍មក កំពុងសហការជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme។ ខណៈកិច្ចសហការរួមគ្នារវាងក្រុមហ៊ុនទាំងពីរក្នុងការផលិតស្មាតហ្វូននេះគឺត្រូវបានគេរំពឹងថានឹងមានរូបរាងដូចគ្នាទៅនឹង Realme 10 និងRealme 10pro។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

យ៉ាងណាមិញជុំវិញកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន កូកា-កូឡា និង Realme នៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់នោះទេ។ តែបើយោងតាមរូបថតមួយសន្លឹកដែលបង្ហោះដោយអនុប្រធាន (VP) ក្រុមហ៊ុន Realme លោក Madhav Sheth បានបង្ហាញពីការឆ្លុះបញ្ជាំងកំប៉ុង កូកា-កូឡា នៅលើខ្នងខាងក្រោយម៉ូដែលស្មាតហ្វូន Realme 10 Pro។ ខណៈរូបភាពនោះត្រូវបានគេរំពឹងថា Coca-Cola Phone នឹងក្លាយជា Realme 10 Pro Edition ដែលកំពុងសហការរួមគ្នា។

បើផ្អែកតាមរូបភាព Render លេចធ្លាយ ទូរស័ព្ទ Coca-Cola នឹងមានជម្រើសពណ៌ក្រហម ហើយនឹងបំពាក់កាមេរ៉ាភ្លោះខាងក្រោយ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់នោះទេថាតើស្មាតហ្វូនថ្មីនេះនឹងចេញមកជាមួយនឹងផ្ទាំងកូកា-កូឡាដូចទៅនឹងរូបភាពដែលលេចធ្លាយ រឺអត់។ ដូច្នេះមានតែរង់ចាំមើលថ្ងៃប្រកាសចេញជាសារធារណៈប៉ុណ្ណោះ៕