(ភ្នំពេញ)៖ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម លើកទី៣១ កីឡាករ លន បញ្ញា នឹងត្រូវចូលរួមព្រឹត្តិការណ៍ WES នៅប្រទេសចិន ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម នាថ្ងៃទី០៣ ខែកុម្ភៈខាងមុខ។ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចាត់ទុកការប្រកួតនេះ គឺជាការបង្កើននូវចំណងមិត្តភាពកម្ពុជា-ចិន ហើយក៏ជាការបើកឱកាសថ្មី សម្រាប់ទីផ្សារកីឡាករគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃចន្ទ ប្រធានសហព័ន្ធដដែលបានគូសបញ្ជាក់ថា ទោះបី លន បញ្ញា ត្រូវចូលរួមប្រកួតលើប្រភេទកីឡាឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ ដែលរៀបចំដោយទូរទស្សន៍ហ័រណានខាងលើក៏ពិតមែន តែការចូលរួមនេះបានស្ដែងឲ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងភាគីកម្ពុជា និងចិន តាមរយៈសហព័ន្ធ ជាមួយក្លិបប្រដាល់ LoongHai របស់ចិន ដែលបានសហការគ្នានាំយកកីឡាករកម្ពុជាចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ។

ចំពោះការប្រកួតលើសង្វៀន WES នេះដែរ ដំឡូងឡើយក្លិប LoongHai បានចាប់អារម្មណ៍កីឡាករជម្រើសជាតិកម្ពុជាជាច្រើនរូប តែដោយសារលក្ខខណ្ឌពេលវេលា ត្រូវឲ្យក្លិប និងសហព័ន្ធ ឯកភាពគ្នាបញ្ជូនកីឡាករបានតែម្នាក់ប៉ុណ្ណោះ គឺកីឡាករ លន បញ្ញា។ យ៉ាងណាក្ដីសហព័ន្ធមានសុទិដ្ឋិនិយមខ្ពស់សម្រាប់បេសកកម្មនេះ នឹងផ្ដល់នូវផលវិជ្ជមានសម្រាប់វិស័យកីឡាប្រដាល់កម្ពុជា ទាំងគុនខ្មែរ និងឃីកបុកស៊ីង ពិសេសកីឡាករជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខ។

លោក ហេង សុខឃន បានបន្ថែមថា នេះគឺជាការបើកទំព័រថ្មីមួយទៀតដែលកម្ពុជា បានបញ្ជូនកីឡាករចូលរួមការប្រកួតនៅចិន ហើយឆាប់ៗខាងមុខ សហព័ន្ធក៏ត្រៀមនឹងបញ្ជូនកីឡាករទៅប្រកួតនៅប្រទេសក្រិចផងដែរ។ លើសពីនេះសហព័ន្ធកំពុងធ្វើការទំនាក់ទំនងជាមួយបណ្ដាប្រទេសជាច្រើនទៀត ដើម្បីបញ្ជូនកីឡាករទៅចូលរួម ជាក់ស្ដែងនៅខែមិថុនាខាងមុខ សហព័ន្ធត្រៀមនឹងបញ្ជូនកីឡាករ ៤រូបទៅប្រកួតនៅសហរដ្ឋអាមេរិក និងបញ្ជូនកីឡាករ ៤រូប ទៅប្រកួតនៅប្រទេសបារាំងទៀតផង។

លោក Guo Yang ប្រធានក្លិបប្រដាល់ LoongHai បានបង្ហាញសេចក្ដីរីករាយជាខ្លាំង ដែលបានសហការជាមួយសហព័ន្ធ ក្នុងការនាំយកកីឡាករកម្ពុជា ចូលរួមប្រកួតនៅចិន ក្នុងគោលបំណងជួយផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាលើឆាកអន្ដរជាតិ ក៏ដូចជាជំរុញទីផ្សារប្រកួតអន្ដរជាតិនានា ដល់កីឡាករកម្ពុជា។ ក្រៅពី លន បញ្ញា លោកក៏គ្រោងនាំយកកីឡាករផ្សេងៗទៅធ្វើការប្រកួតជាបន្ដបន្ទាប់ផងដែរ ដូចជាកីឡាករ បឹត សង្ឃឹម និង ឈឿន ល្វៃ ជាដើម។

ក្រៅពីនាំយកកីឡាករទៅប្រកួតនៅប្រទេសចិន ភាគីក្លិបចិន និងសហព័ន្ធ កំពុងធ្វើការសិក្សានូវគម្រោងដ៏ធំមួយដោយគ្រោងស្នើសុំថ្នាក់ដឹកនាំ ដើម្បីសាងសង់សង្វៀនស្ដង់ដារកម្រិតខ្ពស់ នៅក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ រួមជាមួយសារមន្ទីរកីឡា សម្រាប់បម្រើដល់ការប្រកួតផ្សេងៗ ក្នុងន័យបំផុសការផ្សព្វផ្សាយ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគតទៀតផង។ នេះបើតាមការបង្ហើបរបស់ភាគីទាំងពីរខាងលើ៕