(កូរ៉េ)៖ តារាសម្តែងជើងចាស់ ដែលល្បីល្បាញខ្លាំងតាមរយៈការសម្តែងជាតួអង្គ តាណាំ ក្នុងរឿង «Squid Game» លោក Oh Young-soo វ័យ៧៨ឆ្នាំ ត្រូវបានរាយការណ៍មកថា នឹងឡើងសវនាការជាលើកដំបូង ដើម្បីបំភ្លឺពាក់ព័ន្ធករណីស្ត្រីម្នាក់បានប្តឹងរូបលោក ពីបទ បៀតបៀនផ្លូវភេទ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Strait Times នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ជុំវិញករណីនេះ មានសេចក្តីរាយការណ៍ តារាសម្តែងលោក Oh ត្រូវនារីម្នាក់ប្តឹងលោក ដោយបានចោទថា តារារូបនេះបានស្ទាបអង្គែលនាង និងប្រើកាយវិការមិនសមរម្យ កាលពីឆ្នាំ២០១៧ ហើយនាងបានដាក់ពាក្យប្តឹងលោក Oh នៅអំឡុងឆ្នាំ២០២១។ តែយ៉ាងណា ទាក់ទិនឹងការចោទប្រកាន់នេះ លោកបានបដិសេធ ដោយលោកអះអាងថា លោកបានត្រឹមតែកាន់ដៃនារីរូបនោះប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបើកការស៉ើបអង្កេតអស់រយៈពេលជាច្រើនខែ នៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ សប្តាហ៍នេះ លោក Oh នឹងត្រូវឡើងសវនាការហើយ ដើម្បីបំភ្លឺជាលើកដំបូង៕