(ភ្នំពេញ)៖ លោក LEE Jin Young ជានាយកប្រតិបត្តិថ្មីនៃធនាគារ PPCBank បានប្ដេជ្ញាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយសហការីកម្ពុជា ដើម្បីរៀបចំ​មូលដ្ឋានសម្រាប់ស្តារផលប៉ះពាល់ដែលកើតឡើង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ធនាគារ PPCBank មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសតែងតាំងលោក LEE Jin Young ជានាយកប្រតិបត្តិថ្មី ដែលមានប្រសិទ្ធភាពចាប់ពីដើមខែមករា ឆ្នាំ២០២៣ នេះតទៅ។

លោក LEE Jin Young មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុរយៈពេលជាង២៥ឆ្នាំ។ លោកបានប្រឡូកក្នុងវិស័យនេះ ដោយទទួលបន្ទុកលើ ផ្នែកផ្សេងៗ រួមមាន ការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសាជីវកម្ម ការគ្រប់គ្រងមូលធន វិនិយោគ និងមូលបត្រ ការគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ផ្នែកឌីជីថល ផ្នែកហានិភ័យ ផ្នែក អតិថិជនទូទៅ និងប្រតិបត្តិការរបស់សាខា។

លោក LEE Jin Young ក៏ជាសមាជិកដ៏សំខាន់ម្នាក់ក្នុងជួរថ្នាក់ដឹកនាំរបស់ធនាគារ PPCBank អំឡុងវត្តមានរបស់លោកជាអនុប្រធានប្រតិបត្តិនៃធនាគារ PPCBank ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០២០។ តាមរយៈស្នាដៃដ៏ឆ្នើមក្នុងការងារ លោកសម្រេចបានសមិទ្ធផល ជាច្រើន ដោយបានបង្កើតឲ្យមានផលិតផល និង សេវាកម្មបន្ថែមសម្រាប់បម្រើដល់ទីផ្សារ ដូចជា ការដាក់ដំណើរការនូវប័ណ្ណវីសា ឥណទាន ឥណពន្ធ និងប័ណ្ណបង់ PAYON ការ អភិ​វឌ្ឍន៍សេវាធនាគារចល័ត និងកម្មវិធី smartBiz សម្រាប់អតិថិជនសាជីវកម្ម រួមទាំង ដំណោះស្រាយសេវាកម្មធនាគារ​ជាច្រើនផ្សេងទៀត។

នាយកប្រតិបត្តិថ្មីរបស់ធនាគារ PPCBank លោក LEE Jin Young បានមានប្រសាសន៍ថា «ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែ រីករាយណាស់ដែលបានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពី៣ឆ្នាំក្រោយ គិតចាប់ពីពេលដែល ខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាអនុប្រធានប្រតិបត្តិ»

លោកបានមានប្រសាសន៍បន្ថែមទៀតថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការ ជាមួយសហការីកម្ពុជារបស់ខ្ញុំ ដើម្បីរៀបចំ​មូលដ្ឋានសម្រាប់ស្តារផលប៉ះពាល់ដែលកើត ឡើង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ អ្វីជាអាទិភាពចម្បងរបស់យើងនៅពេលនេះ គឺ ការផ្តល់ជូននូវសេវាហិរញ្ញវត្ថុច្រើនប្រភេទផ្សេងៗគ្នា ដែលសុទ្ធសឹងតែថ្មី ហើយខុសប្លែកពី ធនាគារដទៃទៀត។ ទន្ទឹមនឹងនេះ យើងនៅតែរក្សាខ្ជាប់ជានិច្ចនូវសេវាកម្មលឿនរហ័ស និងមានភាពបត់បែនខ្ពស់សម្រាប់​អតិថិជនរបស់យើង»

លោក LEE Jin Young បានគូសបញ្ជាក់ពីសារសំខាន់នៃការកសាងភាពរឹងមាំសម្រាប់ភាព រីកចម្រើនទៅមុខបន្តទៀត ដោយក្នុងនោះគឺការស្វែងរកទីផ្សារគោលដៅ ការស្វែងយល់ អំពីតម្រូវការចាំបាច់របស់អតិថិជន ក៏ដូចជាការអភិវឌ្ឍន៍​សមត្ថភាព និងជំនាញវិជ្ជាជីវៈ បុគ្គលិក ដើម្បីប្រឈមជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងវិស័យហិរញ្ញវត្ថុនេះ។

នាយកប្រតិបត្តិរូបនេះ នឹងយកបទពិសោធន៍ និងជំនាញក្នុងវិស័យហិរញ្ញវត្ថុដ៏ទូលំ ទូលាយនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំ និងបង្កើន ភាពរីកចម្រើនដល់ធនាគារ PPCBank ឲ្យក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅ កម្ពុជា ទាំងទៅលើជំនាញវិជ្ជាជីវៈ និងសេវាកម្មអតិថិជន។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់ធនាគារ PPCBank មានចំនួន ៩៩០,០៣៦,២៦០ ដុល្លារអាមេរិក។ ធនាគារក៏សម្រេចបានប្រាក់ចំណេញសុទ្ធរហូតដល់ ២៣,០០៣,២១៦ ដុល្លារអាមេរិក ធៀបនឹងមូលធនសរុបចំនួន ១៩៤,២៩១,២៧៦ ដុល្លារអាមេរិក៕