(ភ្នំពេញ)៖ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាតាមរយៈជាតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) បានត្រៀមផ្ដល់ស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ ដល់អ្នកគាំទ្រ និងភ្ញៀវទេសចរទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបដិសណ្ឋារកិច្ចល្អ ដែលចូលរួមការប្រកួតព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះដែរ។

នេះបើតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣១ ខែមករានេះ បន្ទាប់ពីសម្ដេចបានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃការសាងសង់ភូមិកីឡា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសម្ដេចពិជ័យសេនា ក៏បានជំរុញបន្ថែម ឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារទទួលបដិសណ្ឋារកិច្ចនេះផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បានឲ្យដឹងថា សម្ដេចពិជ័យសេនា បានណែនាំពីការត្រៀមលក្ខណៈទទួលភ្ញៀវ ដែលជាអ្នកគាំទ្រ និងទេសចរ កំឡុងការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដូចការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាដែរ ព្រោះមានភ្ញៀវទេសចរជាច្រើន បានដាក់គោលដៅមក បន្ទាប់ពីឃើញការត្រៀមខ្លួនយ៉ាងល្អរបស់កម្ពុជា ជាក់ស្ដែងនាយបេសកកម្មឥណ្ឌូនេស៊ី បានអះអាងក្នុងកិច្ចនាយបេសកកម្មស៊ីហ្គេម កាលពីថ្មីៗ ថា នឹងមានពលរដ្ឋខ្លួនច្រើនមកនេះ ហើយបណ្ដាផ្សេងៗ ក៏ដូច្នោះដែរ។

លោកបន្ដថា «យើងត្រៀមទាំងផ្លូវអាកាស ទាំងការផ្ដល់នូវបដិសណ្ឋារកិច្ច សន្ដិសុខសណ្ដាប់ធ្នាប់ និងការស្នាក់នៅជាដើម ។ យើងត្រៀមសណ្ឋាគារលំដាប់ផ្កាយ៥ ផ្កាយ៤ ផ្កាយ៣ រ៉ាប់ម៉ឺនបន្ទប់ ដើម្បីផ្ដល់ឲ្យភ្ញៀវ ដែលជាអ្នកគាំទ្រ និងភ្ញៀវទេសចរ មកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ។ កាលណាយើងផ្ដល់សណ្ឋាគារស្ដង់ដារ ដែលទទួលស្គាល់ដោយ CAMSOC បានន័យថា គេមានភាពកក់ក្ដៅ ទាំងសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ជាដើម ។ អ៊ីចឹងសណ្ឋាគារទាំងអស់ ក៏ត្រូវធានាឲ្យបានល្អ ដើម្បីទទួលស្វាគមន៍»

ចំណែកប្រទេសជិតខាង មានឡាវ វៀតណាម និងថៃ ដែលមានអ្នកគាំទ្រ ធ្វើដំណើរតាមរថយន្ដមក ក៏កម្ពុជាត្រៀមរថយន្ដក្រុងជាច្រើនគ្រឿង សម្រាប់ដឹកជញ្ជូនផងដែរ ពិសេសអ្នកគាំទ្របាល់ទាត់តែម្ដង។ «ក្នុងនាមជាម្ចាស់ផ្ទះ ទាំងភ្ញៀវ ទាំងប្រតិភូកីឡា យើងយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព និងទទួលគេដោយភក្ដីភាព ដោយស្នាមញញឹម និងភាពកក់ក្ដៅដូចគ្នា។ ចំណុចនេះ ក៏ត្រូវបានសម្ដេចពិជ័យសេនា បញ្ជាក់ហើយបញ្ជាក់ទៀត ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺយើងធ្វើម្ចាស់ផ្ទះឲ្យមានសេចក្ដីថ្លៃថ្នូរ មានកិត្តិយស ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទាំងទាំងអស់»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមករានេះ កម្ពុជានៅសល់រយៈពេល ៩៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥-១៧ ខែឧសភា មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕