(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍មកថាកំពូលមហាសេដ្ឋីលោក Elon Musk ចាប់ផ្តើមបង់ការប្រាក់ទៅឱ្យធនាគារជាលើកដំបូងសម្រាប់ការទិញយក Twitter ដែលស្ថិត ក្នុងបំណុលប្រមាណ ១២.៥ពាន់លានដុល្លារចាប់តាំងពីថ្ងៃទិញយក Twitter ជាផ្លូវការក្នុងអំឡុងខែតុលា ឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានបន្ថែមទៀតថា Twitter បានបង់ប្រាក់ទៅឱ្យធនាគារសរុបចំនួន ៧ក្នុងសប្តាហ៍នេះ ដែលត្រូវបានដឹកនាំដោយក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍ និងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក Morgan Stanley។ ជុំវិញហេតុផលដែល Twitter សម្រេចបង់ការប្រាក់ទៅកាន់ម្ចាស់បំណុលរបស់ខ្លួននោះត្រូវបានគេលើកឡើងថា បន្ទាប់ម្ចាស់ក្រុមហ៊ុននេះមិនអាចលក់ភាគហ៊ុនទៅឱ្យវិនិយោគិនខាងក្រៅបានដោយសារតែពួកគេកំពុងតែជាប់គាំងជាមួយនឹងបំណុលជាច្រើនដែលបណ្តាលឱ្យក្លាយជាចំណងចងជើងខ្លួនឯង។

តែយ៉ាងណាជុំវិញករណីនេះប្រភពមិនបានគូសបញ្ជាក់ពីចំនួនដែល Twitter ត្រូវបង់ទៅឱ្យធនាគារទាំង ៧ខាងលើនោះទេ ខណៈដែល Twitter លោក Elon Musk និង Morgan Stanley មិនបានឆ្លើយតបភា្លមៗចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters។

ក្រៅពីមូនិធិដែលបានខ្ចីពីធនាគារជាច្រើនដូចជា Morgan Stanley និង Bank Of America ជាដើមនោះ Musk ក៏បានលក់ភាគហ៊ុនជាច្រើននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់ខ្លួនផងដែរ ដើម្បីផ្តល់មូលនិធិ និងទប់ទល់ចំណាយដល់ការកាន់កាប់ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លាររបស់លោក។

គួរបញ្ជាក់ដែរថា ចាប់តាំងពី Musk ចូលកាន់កាប់តំណែងជាផ្លូវការនៅ Twitter ក្នុងខែតុលាកន្លងមក ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមនេះត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើនក្រោមគោលការណ៍កាត់បន្ថយចំណាយ រួមទាំងការគាស់កាយបុគ្គលិកថ្មី ចាស់ សូម្បីតែ CEO ក្រុមហ៊ុន Twitter ផ្ទាល់ក៏ត្រូវបានបញ្ឈប់ការងារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Musk ក៏បានដាក់ចេញនូវផែនការថ្មីជាបន្តបន្ទាប់ជាពិសេសនោះគឺ សេវាកម្មបង់ប្រាក់ Twitter Blue ដែលផ្តល់នូវ «សញ្ញាធីកពណ៌ខៀវ» ដើម្បីរក្សាសុវត្ថិភាពគណនី ដែលនេះជាច្រកផ្លូវដ៏ធំមួយសម្រាប់ Musk ក្នុងការទាញចំណូលមកផ្គត់ផ្គង់ការចំណាយរបស់ក្រុមហ៊ុន៕