(មេនឆេស្ទើ)៖ ខ្សែបម្រើ Christian Eriksen នឹងត្រូវអវត្តមានពីការប្រកួតរហូតដល់ ៣ខែ ដោយសារតែរបួសកជើងខាងឆ្វេង ដែលលោកបានទទួលរង ក្នុងការប្រកួតឈ្នះ លើក្រុម Reading នៃលីគ FA Cup កាលពីថ្ងៃសៅរ៍សប្តាហ៍មុន, នេះបើតាមក្លិប Manchester United បានបញ្ជាក់ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Live Score នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

Eriksen បានប៉ះទង្គិចយ៉ាងខ្លាំង ជាមួយខ្សែប្រយុទ្ធ Andy Carroll របស់ក្លិប Reading ក្នុងតង់ទី២ នៃការប្រកួតពាន FA Cup។

បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ ក្លិបជឿជាក់ថា ជារបួសធ្ងន់ធ្ងរ ដែលនឹងត្រូវឲ្យលោក ត្រូវអវត្តមានពីសកម្មភាព រហូតដល់ខែឧសភា។

​អវត្តមានរបស់ Eriksen នឹងក្លាយជាបញ្ហាធំមួយ សម្រាប់ក្លិប United និងលោក Ten Hag, ខណៈខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ បានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុម ចាប់តាំងពីលោកបានចូលរួម លើការផ្ទេរដោយឥតបង់ថ្លៃ កាលពីមុនរដូវកាលចាប់ផ្តើម។

​Eriksen ឈរនៅលំដាប់ខ្ពស់ជាងគេបំផុត ក្នុងក្រុម ក្នុងការជួយឲ្យរកគ្រាប់បាល់បានពោលគឺមាន ៩គ្រាប់លើសកីឡាករ Fernandes ៣គ្រាប់មុនពេលជួបបញ្ហានេះ។

​ប្រសិនបើកីឡាករវ័យ ៣១ឆ្នាំនេះ មិនអាចចូលលេងបាន រហូតដល់ដើមខែឧសភានោះ, លោកនឹងត្រូវអវត្តមានពីការប្រកួត យ៉ាងហោចណាស់ ១៨លើកនៅក្នុងការប្រកួតទាំងអស់៕