(ម៉ូនិច)៖ ក្លិប Bayern Munich បានចុះកិច្ចសន្យា នាំយកខ្សែការពារក្លិប Manchester City កីឡាករ Joao Cancelo លេងក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ ជាមួយនឹងជម្រើសអាចទិញ នៅរដូវក្តៅខាងមុខ, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

Cancelo វ័យ២៨ បានធ្លាក់ចេញពីការពេញចិត្ត ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយត្រូវបានដាក់ជាកីឡាករបម្រុង សម្រាប់៣ប្រកួតចុងក្រោយ របស់ក្លិប City ហើយមិនបានស៊ុតបញ្ចូលទី ឬក៏ជួយឲ្យរកគ្រាប់បាល់បាននោះទេ ក្នុងលីគ Premier League ចាប់តាំងពីខែតុលាមក។

ខ្សែការពារ Cancelo ត្រូវបានដាក់បន្ថែម ចូលទៅក្នុងក្រុម Bayern ដែលកំពុងតស៊ូជាមួយទម្រង់លេង ដោយបានត្រឹមលទ្ធផលស្មើប៉ុណ្ណោះ ក្នុងការប្រកួតទាំង៣ចុងក្រោយ ក្នុងលីគ Bundesliga របស់ពួកគេ។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Julian Nagelsmann នឹងធ្វើដំណើរទៅជួបក្រុម Mainz នាថ្ងៃពុធ វគ្គ១៦ក្រុមចុងក្រោយ លីគ DFB-Pokal មុនពេលធ្វើដំណើរទៅជួបក្រុម Wolfsburg នៅថ្ងៃអាទិត្យ៕