(ឡុងដ៏)៖ ក្លិប Chelsea បានបង្កើតកំណត់ត្រាថ្មីមួយទៀតចំពោះតម្លៃផ្ទេរកីឡាករ ដោយបានយល់ព្រមព្រៀមផ្តល់ជូនទៅកាន់ក្លិប Benfica ប្រមាណ ១០៦លានផោន ក្នុងការនាំយកកីឡាករខ្សែបម្រើ Enzo Fernandez ដែលជាម្ចាស់ពាន World Cup 2022។

ចំពោះការមកដល់របស់បុរសវ័យ ២២ឆ្នាំរូបនេះ បានធ្វើឲ្យការចំណាយប្រាក់របស់ក្លិប Chelsea កើនដល់ ២៨៨លានផោនក្នុងខែមករា ឆ្នាំ២០២៣នេះ ដោយយោងតាមប្រភពពី Transfermarkt។ ដែលកីឡាកររូបនេះមានកិច្ចសន្យារយៈពេល ៨ឆ្នាំកន្លះ។

តម្លៃ ១០៦លានផោននេះ បានបំបែកកំណត់ត្រាតម្លៃ ១០០លានផោនដែលក្លិប Manchester City បាននាំយកកីឡារក Jack Grealish ក្នុងឆ្នាំ២០២១ ដែលស្ថិតក្នុងលីគអង់គ្លេស។

របាយការណ៍ពី BBC ឲ្យដឹងថា ក្លិប Chelsea និងក្លិប Benfica បានយល់ព្រមគ្នាលក់សិទ្ធទាំងនៃការនាំយក Fernandez ដ្បិតកីឡាកររូបនេះបានចូលរួមជាមួយ Benfica ក្នុងតម្លៃត្រឹមតែ ១០លានផោនប៉ុណ្ណោះពីក្លិប River Plate កាលឆ្នាំ២០២២ ហើយបានឈ្នះពានកីឡាករ World Cup 2022 នាមជាម្ចាស់ពានកីឡាករវ័យក្មេងក្នុងព្រឹត្តិការណ៍ផងដែរ៕