(ភ្នំពេញ)៖ លោក Oliver Scheer ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក(World Athletics) រំពឹងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម នឹងទទួលបានចំណាត់ថ្នាក់លេខ៥ (Top5) ក្នុងចំណោមសហព័ន្ធកីឡាជាតិ ហើយអាចឈានដល់កម្រិតចំណាត់ថ្នាក់ពីលេខ៦ ដល់លេខ៨ (Top6 ទៅ Top8) ក្នុងតំបន់អាស៊ាន នាថ្ងៃអនាគត បន្ទាប់ពីអនុវត្តនូវគម្រោង ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ ។

ការលើកឡើងនេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយសហព័ន្ធខ្មែរកីឡាអត្តពលកម្ម និងស្ថាប័ន World Athletics ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក បានរៀបចំនូវគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម រយៈពេល ១ឆ្នាំពេញ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយដំណើរទស្សនកិច្ចលើកទី២ ជិត ១សប្ដាហ៍នៅកម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ខែមករា លោក Oliver Scheer បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំគម្រោង និងការចូលរួមរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីបច្ចេកទេសសហព័ន្ធ ដែលជំរុញឲ្យគម្រោងនេះ មានវឌ្ឍនភាពល្អ ពិសេសការត្រៀមរៀបចំសិក្ខាសាលា ស្តីពីការវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក នាពេលខាងមុខ ។

បុរសជនជាតិអូទ្រីសរូបនេះ មានសុទិដ្ឋិនិយមថា «ខ្ញុំសង្ឃឹមថា បន្ទាប់ពីអនុវត្តគម្រោងនេះ សហព័ន្ធនឹងទទួលបានចំណាត់ថ្នាក់ទី៥ ក្នុងចំណោមសហព័ន្ធកីឡាជាតិទាំងអស់ ក្នុងនាមសហព័ន្ធ ដែលមានការគ្រប់គ្រងអភិបាលកិច្ច និងការរៀបចំប្រព័ន្ធ/យុទ្ធសាស្ដ្រគ្រប់គ្រងសហព័ន្ធគ្រប់ជ្រុងជ្រោយ ហើយខ្ញុំក៏ជឿថា សហព័ន្ធនឹងអាចឈានដល់កម្រិតពីចំណាត់ថ្នាក់ពីលេខ៦ ទៅលេខ ៨ ក្នុងតំបន់អាស៊ាន ដើម្បីជាការជំរុញដល់ការអភិវឌ្ឍបន្ដទៀតផងដែរ»

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី២ របស់ជំនាញការអត្តពលកម្មពិភពលោកខាងលើ ផ្ដោតសំខាន់លើការត្រួតពិនិត្យផែនការយុទ្ធសាស្ដ្រ រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ។ រៀបចំផែនការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ សិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្ដុះបណ្ដាលគ្រូបង្វឹក ។ រៀបចំផែនការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានអត្តពលិកវ័យក្មេង និងរៀបចំសិក្ខាសាលា ស្ដីពីកាករអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ដ្រ ឆ្នាំ២០២៣-២០៣០ ។

ដូច្នេះលោកបានចាត់ទុកគម្រោងនេះ គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសហព័ន្ធខ្មែរកីឡាអត្តពលកម្មនោះទេ គឺផ្ដល់អត្ថប្រយោជន៍ជារួម សម្រាប់សហព័ន្ធកីឡាជាតិដទៃ ដែលអាចយកទៅអនុវត្ត ដើម្បីធានាបាននូវការរៀបចំរចនាសម្ព័ន្ធ/យុទ្ធសាស្ដ្រគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍កីឡានីមួយៗ ឲ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍កីឡាអន្ដរជាតិ ដ្បិតគម្រោងនេះ មានការទទួលស្គាល់ដោយអន្ដរជាតិ ។ លើសពីនេះ NOCC ក៏គ្រោងនឹងស្នើសុំអង្គការសាមគ្គីអូឡាំពិក ដើម្បីរៀបចំគម្រោងបែបនេះ ដល់សហព័ន្ធកីឡាផ្សេងៗទៀតផង ៕