(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក ហ្សែដ ស្យាតារា (Ziad Shatara) ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។

លោក ហ្សែដ ស្សាតារា នឹងបន្តតំណែងពីលោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពីឆ្នាំ ២០២១ បន្ទាប់ពីលោកបានកាន់តំណែង ជានាយកផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងឆ្នាំ ២០១៨កន្លងមក។

លោក ហ្សែដ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យទូរគមនាគមន៍ ដោយរូបលោកបានកាន់តំណែងខ្ពស់ៗ ក្នុងការគ្រប់គ្រងកិច្ចការងារប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសជាច្រើន រួមមានប្រទេសហ្សកដានី បង់ក្លាដែស និងអ៉ី តាលីផងដែរ។

ថ្មីៗកន្លងមកនេះ លោក ហ្សែដបានបម្រើការងារ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Umniah Mobile Co. ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ ក្នុងប្រទេសហ្សកដានី។

បន្ថែមពីបទពិសោធន៍ និងស្នាដៃដ៏ឆ្នើមរបស់លោកក្នុងការចាប់ផ្តើមដំណើរការ និងពង្រីកប្រតិបត្តិការអាជីវកម្មទូរគមនាគមន៍ លោក ហ្សែដ ក៏មានជំនាញខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ការបម្រើសេវាកម្មដល់អតិថិជន និងប្រតិបត្តិការលក់រាយផងដែរ។
លោកបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ក៏ដូចជាបរិញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច Budapest ផងដែរ។

លោកបណ្ឌិត Tan Sri Halim Shafie ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការតែងតាំងតំណែងរបស់លោក ហ្សែដ ស្សាតារា។

លោកបានលើកឡើងថា «ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ពិតជាមានកិត្តិយសក្នុងការតែងតាំងលោក ហ្សែដ ដែលជាបុគ្គលប្រកបដោយទេពកោសល្យខ្ពស់ ក្នុងការដឹកនាំឈានមុខគេក្នុងវិស័យទូរគមនាគមន៍ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata»

លោកបណ្ឌិត Hans Wijayasuriya នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនវិនិយោគ Axiata Group និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍ Pan-Asian Telecommunication Business បានសម្តែងពីមតិយល់ស្រប ដូចគ្នាទៅនឹងលោក Tan Sri Halim ក៏ដូចជាចូលរួមអបអរសាទរ ចំពោះការតែងតាំងនេះផងដែរ។

លោកបានមានប្រសាសន៍ថា «យើងពិតជាទន្ទឹងរង់ចាំនូវការរីកចម្រើនដំណាក់កាល បន្ទាប់របស់ក្រុមហ៊ុន Smart Axiata ក្រោមការដឹកនាំរបស់លោក ហែ្សដ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។ ក្រុមការងារនៅ Smart Axiata ជាបុគ្គលិកដែលប្រកបដោយទេពកោសល្យខ្ពស់ ហើយជាការពិតណាស់ លោក ហែ្សដ នឹងនាំមកនូវបទពិសោធន៍ឆ្នើមជាច្រើនឆ្នាំ នៅក្នុងវិស័យមួយនេះ ដើម្បីបន្តធានានូវការលូតលាស់រីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដែលជាស្នាដៃបន្សល់ទុករបស់អ្នកដឹកនាំមុនៗ រួមមាន លោក Feiruz Ikhwan និងលោក Thomas Hundt ដែលបានកាន់តំណែងជានាយកប្រតិបត្តិចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ ២០២១ មុនពេលដែលលោក ត្រូវបានតែងតាំង តំណែងជានាយកផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្រ្តនៅក្រុមហ៊ុន Axiata Group ក្នុងឆ្នាំ ២០២១ ផងដែរ»

បន្ទាប់ពីកាន់តួនាទីថ្មី នៅក្នុងប្រទេសកម្ពុជា លោក ហ្សែដ បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ក្នុងការទទួលបានឱកាស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅកម្ពុជា «ខ្ញុំពិតជាមានភាពរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមបម្រើការងារជាមួយក្រុមហ៊ុន Smart Axiata។ ថ្នាក់ដឹកនាំមុន និងក្រុមការងារ បានកសាងនូវសមទ្ធិផល ជាច្រើនសម្រាប់ ក្រុមហ៊ុន Smart ដែលពួកគាត់បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងទីផ្សារកម្ពុជា ពោរពេញដោយមោទនភាពក្នុងការបម្រើការអតិថិជនជាង ៧លាន ៥សែននាក់ ជាមួយនឹងផលិតផល និងសេវាកម្មឌីជីថលជាច្រើន។ ខ្ញុំពិតជារំភើបក្នុងការទទួលបាននូវឱកាសមួយនេះ ដើម្បីដឹកនាំក្រុមការងារដ៏ឆ្នើមឲ្យឆ្ពោះទៅកាន់ភាពរីកចម្រើន ដំណាក់កាលបន្ទាប់នៃការវិវត្តរបស់ក្រុមហ៊ុន Smart Axiata ដើម្បីបំពេញនូវតួនាទីរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាបន្តបំពេញនូវតម្រូវការ របស់អតិថិជនជាមួយនឹងគុណភាព សេវាកម្មល្អបំផុតគួរជាទីគាប់ចិត្តផងដែរ»

លោកបណ្ឌិត Tan Sri Halim Shafie ក៏បានសម្តែងពីការស្ងើចសរសើរ ចំពោះកិច្ចខំប្រឹងប្រែងរបស់អតីតនាយកប្រតិបត្តិស្តីទី នៃក្រុមហ៊ុនមួយនេះផងដែរ «តំណាងឲ្យក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រុមការងារទាំងមូល ខ្ញុំចង់ឆ្លៀតឱកាសនេះ ដើម្បីសម្តែងនូវការថ្លែងអំណរគុណដល់លោក Feiruz ចំពោះសមិទ្ធិផល និងការរួមចំណែកដ៏ធំធេងរបស់លោក ក្នុងការដឹកនាំក្រុមហ៊ុនមួយនេះ ឲ្យឆ្ពោះទៅរកសក្តានុពល និងភាពរីកចម្រើន ស្របពេល ដែលឧស្សាហកម្មកំពុងតែវិវត្តខ្លួន រួមទាំងការបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយផងដែរ។

លោកបានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងជោគជ័យរបស់ Smart Axiata ក៏ដូចជាកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការចាប់យកឱកាស ថ្មីៗនាពេលខាងមុខ។ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការងារបន្ទាប់ ដែលលោកត្រូវបានតែងតាំងក្នុងតួនាទីជាន់ខ្ពស់មួយ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Axiata Group»

ក្រុមហ៊ុន Smart Axiata Co., Ltd. បច្ចុប្បន្នកំពុងបម្រើអតិថិជនចំនួន ៧លាន៥សែននាក់ នៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេ ក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ បច្ចេកវិទ្យា 4G LTE របស់ Smart ដែលផ្តល់សេវាអ៉ីនធឺណិតចល័តលឿនបំផុត ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានសេវាគ្របដណ្តប់នៅទូទាំង ២៥ ខេត្តក្រុង។ Smart Axiata គឺជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគមន៍ ឈានមុខគេមួយ នៅអាស៊ីដោយមានវត្តមាននៅក្នុង ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស កម្ពុជា នេប៉ាល់ មីយ៉ាន់ម៉ា ថៃ និងប៉ាគីស្ថាន និងមានអតិថិជនជាង ១៥០ លាននាក់។

ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុន ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ឈរលើសសរស្តម្ភចំនួន ៣ គឺ ទូរគមនាគមន៍ឌីជីថល ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕