(មែនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United បានសម្រេចលក្ខខណ្ឌខ្ចីជើងកីឡាករខ្សែបម្រើ Marcel Sabitzer ផ្ទេរមកពីក្លិប Bayern Munich ក្នុងកិច្ចសន្យាលេងរហូតដល់បញ្ចប់រដូវកាលនេះក្នុងលីគអង់គ្លេស Premier League 2022-23។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

នេះជាការសម្រេចបានការខ្ចីជើងខ្សែបម្រើយ៉ាងសំខាន់មួយរបស់ក្លិប Man United បន្ទាប់ពីកីឡាករ Christian Eriksen ជួបបញ្ហារបួសរយៈពេលវែង និងខ្សែបម្រើ Scott McTominay ក៏មានបញ្ហាក្នុងរយៈពេលតិចតួចផងដែរ សម្រាប់ក្រុមដឹកនាំដោយលោក Erik Ten Hag។

អ្នកចាត់ការក្រុម Man United លោក Erik Ten Hag បានលើកឡើងថា «វាពិតជាពិបាក់ សម្រាប់សម្រេចការបញ្ចប់កិច្ចព្រមព្រៀងណាមួយក្នុងថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករនេះ»

Sabitzer ជាកីឡាករម្នាក់បានចុះកិច្ចសន្យាលេងឲ្យក្លិប Bayern Munich ក្នុងរយៈពេល ៤ឆ្នាំ បន្ទាប់ពីចំណាយពេលជាមួយក្លិប RB Leipzig រយៈពេល ៦ឆ្នាំ និងជាសមាជិកលេងជាមួយជម្រើសជាតិអ៊ូទ្រីស បានចំនួន ៦៨ប្រកួតរកបាន ១២គ្រាប់៕