(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានចាត់ទុកកម្លាំងស្ម័គ្រចិត្ត គឺជា DNA ដ៏សំខាន់ នៃដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោករដ្ឋមន្ដ្រី ថោង ខុន និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីការការជ្រើសរើសអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

អនុប្រធានអចិន្ដ្រៃយ៍ខាងលើ បានចាត់ទុកការប្រកាសបើកទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្តសម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ស្វែងរកកម្លាំងមកបំពេញតម្រូវការដល់គ្រប់ផ្នែកពាក់ព័ន្ធ ពិសេសគ្រប់គណៈកម្មការជំនាញ ដើម្បីជំរុញឲ្យដំណើរការរៀបចំ និងការប្រកួតតាមប្រភេទកីឡានីមួយៗ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក ថោង ខុន បន្ដថា «យើងដឹងហើយថា អ្នកស្ម័គ្រចិត្ត គឺជា DNA របស់ព្រឹត្តិការណ៍កីឡាដ៏ធំ ហើយកន្លងមកយើងក៏បាន ធ្វើការរៀបចំ បែងចែក គឺការចាត់តាំង ការប្រើប្រាស់ របស់គណៈកម្មការស្ម័គ្រចិត្តនេះ ទៅតាមគ្រប់ផ្នែកអស់ហើយ ក្នុងនោះក៏មានគណៈកម្មការជំនាញផងដែរ ដែលខាងមុខនេះ គណៈកម្មការជំនាញ នឹងទទួលយកអ្នកស្ម័គ្រចិត្តទាំងឡាយ ដើម្បីចូលរួមការងារជាមួយ ពិសេសក្នុងការរៀបចំការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ និងការងារជំនាញ ដែលមានការពាក់ព័ន្ធ»

ឆ្លៀតឱកាសនោះ ក្នុងនាម CAMSOC ក៏ដូចជាក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ លោករដ្ឋមន្ដ្រី បានអរគុណថ្នាក់ដឹកនាំ ស.ស.យ.ក ដែលបានយកចិត្តទុកដាក់ និងចូលរួមគាំទ្រពេញទំហឹងដល់ដំណើរការរៀបចំ ក៏ដូចជាផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ជាក់ស្ដែងដូចជាយុទ្ធនាការ Beyond The Games ដែលជាការងារចូលរួមរបស់យុវជនស្ម័គ្រចិត្ត គឺជាការងារមានសារៈសំខាន់ និងជាការគន្លឹះ ក្នុងការកំណត់ជោគជ័យ នៃមហាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។

ក្រឡេកទៅចាប់អារម្មណ៍ការចុះឈ្មោះអ្នកស្ម័គ្រចិត្តសម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទទួលបន្ទុកដោយគណៈកម្មការអ្នកស្ម័គ្រចិត្តរបស់ CAMSOC គឺចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ ក្នុងនាមម្ចាស់ផ្ទះលើកដំបូង កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តចំនួន៦,៩៦៣នាក់ ដោយបែងចែកជា ៣កម្រិត ១. អ្នកស្ម័គ្រចិត្តជាថ្នាក់ដឹកនាំ, ២. អ្នកស្ម័គ្រចិត្តជាជនបង្គោល និង៣. អ្នកស្ម័គ្រចិត្តទូទៅ ព្រមទាំង ៥០កន្លែងសម្រាប់ជនជាតិបរទេសផងដែរ។

សម្រាប់លក្ខណៈសម្បត្តិអ្នកស្ម័គ្រចិត្តត្រូវមាន ដូចជា៖ អាយុចាប់ពី ១៨ឆ្នាំឡើង, មានពេលវេលាគ្រប់គ្រាន់, មានសុខភាពល្អ ដើម្បីបំពេញការងារ, មានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ, មានអាកប្បកិរិយាស្លូតបូត និងសុខភាពរាបសា, លើកទឹកចិត្តចំពោះជនពិការភាព គ្រូបង្វឹកកីឡា អតីតកីឡាករ និងកីឡាការិនី និងត្រូវចេះភាសាអង់គ្លេស(សម្រាប់អ្នកស្ម័គ្រចិត្តជា LO)។ ដើម្បីក្លាយជាអ្នកស្ម័គ្រចិត្ត សូមធ្វើការចុះឈ្មោះតាមរយៈគេហទំព័រផ្លូវការនេះ https://cambodia2023.com/km/volunteer-register