(ភ្នំពេញ)៖ ការរួមចំណែករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យទទួលបានជោគជ័យ គឺជាភារកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ពិសេសការយកព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាតែម្ដង។ ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានដាក់គោលដៅសំខាន់ ក្នុងការធ្វើឲ្យភ្ញៀវបរទេសទាំងអស់ស្គាល់ពី “កម្ពុជាបច្ចុប្បន្ន” តាមរយៈការចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ ។

នេះបើតាមការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការការជ្រើសរើសអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី០១ ខែកុម្ភៈនេះ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ឆ្នាំ២០២៣ ។

លោកបានថ្លែងអំណរគុណជាពិសេស ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ ឲ្យកើតមានព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូងនៅកម្ពុជា ។ លោកក៏បានថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ដែលបានផ្ដល់ឱកាសឲ្យ ស.ស.យ.ក បានចូលរួមចំណែកក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ ហើយលោកប្ដេជ្ញានឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីចូលរួមរៀបចំឲ្យទទួលបានជោគជ័យ ប្រកបដោយមោទនភាព ។

លោក ហ៊ុន ម៉ានី បន្ដថា «ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សំខាន់គឺធ្វើឲ្យភ្ញៀវកិត្តិយសទាំងអស់ អាចមកដល់កម្ពុជា ហើយស្គាល់ពី “កម្ពុជាបច្ចុប្បន្ន” និងការវិលត្រឡប់ទៅវិញ នឹកនូវអនុស្សាវរីយ៍ នៃការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣» ។ លោកថា «យើងចង់ក្លាយជាចាស់ផ្ទះមួយ ដោយមោទនភាព និងបញ្ចេញអស់ពីសមត្ថភាព ក្នុងការផ្ដល់បដិសណ្ឋារកិច្ចល្អ ធ្វើយ៉ាងណាឲ្យមិត្តភ័ក្ដ្របរទេសអាចចងចាំ ហើយស្គាល់ថា អ្វីទៅគឺជា “កម្ពុជាបច្ចុប្បន្ន” មុននឹងគេត្រឡប់ទៅវិញ ហើយពេលគេត្រឡប់ទៅវិញ គេនៅតែនឹកឃើញយើងជានិច្ច» ។

ស.ស.យ.ក មិនមែនជាផ្នែកមួយនៃ CAMSOC ទេ តែជាដៃគូសហការជាមួយគណៈកម្មការជំនាញ ក្នុងចំណោមគណៈកម្មការទាំង ១៣ របស់ CAMSOC ក្នុងនោះមានគណៈកម្មការផ្សព្វផ្សាយ គណៈកម្មការវប្បធម៌ បរិស្ថាន អប់រំ និងកីឡា និងគណៈកម្មការអ្នកស្ម័គ្រចិត្ត ។ ដូច្នេះ ស.ស.យ.ក បានចូលរួមមួយផ្នែកតូច ក្នុងការងារនេះ ដូចជាការបង្កើតនូវយុទ្ធនាការ Beyond The Games ដើម្បីផ្សព្វផ្សាយពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាការបំផុសកម្លាំងយុវជន ទាំងសមាជិក និងមិនមែនសមាជិក ស.ស.យ.ក ចូលរួមជាអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះជាដើម ។

លោក ហ៊ុន ម៉ានី បន្ថែមថា «អ្នកស្ម័គ្រចិត្ត មិនមែនទាល់តែជាសមាជិក ស.ស.យ.ក បានចូលរួមបាននោះទេ ព្រោះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ។ ចឹង ស.ស.យ.ក ដែលយើងមានបទពិសោធន៍ខ្លះៗកន្លងមក នៃកិច្ចការងារស្ម័គ្រចិត្ត និងការបង្វឹកហាត់ ដើម្បីពួកគាត់ត្រៀមចូលរួមព្រឹត្តិការណ៍ផ្សេងៗ ដូចជា “យើងខ្មែរ” ជាដើម គឺយើងនឹងចូលរួមអស់ពីលទ្ធភាពដែលអាចធ្វើឲ្យបាន ដើម្បីបំពេញទៅលើតម្រូវការរបស់គណៈកម្មការស្ម័គ្រចិត្ដ ។ អ្នកស្ម័គ្រចិត្ត ក៏ឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្ដែងរបស់គណៈកម្មការផ្សេងៗ ដែលប្រើច្រកគណៈកម្មការអ្នកស្ម័គ្រចិត្ត ក្នុងការជ្រើសរើស និងហ្វឹកហាត់សមត្ថភាពផងដែរ» ។

លោកសង្កត់ធ្ងន់ថា «យុវជនស្ម័គ្រចិត្ត មិនត្រឹមតែអ្នកសម្របសម្រួល ធ្វើឲ្យការអនុវត្ត និងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេ ប៉ុន្ដែកត្ដាធំជាងហ្នឹង សំខាន់គឺគាត់ជាយុវជនសុច្ឆន្ទៈរបស់កម្ពុជាតែម្ដង ។ អាកប្បកិរិយារបស់គាត់ ការបំពេញភារកិច្ចរបស់គាត់ ភាពរួសរីយ និងឥរិយាបថរបស់គាត់ បានឆ្លុះបញ្ចាំងអ្វីទៅជាកម្ពុជា ដែលជាប្រទេស និងមានប្រជាជន ផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អជូនដល់បរទេស ដែលជាមិត្តភ័ក្ដ្រមកចូលរួមនៅកម្ពុជា ។ ការអនុវត្តការងារ ដែលមានភាពហ្មត់ចត់ ប៉ុន្ដែប្រាស្រ័យទំនាក់ទំនងទន់ភ្លន់ នូវឥរិយាបថ ក៏វាអាចបញ្ជាក់ច្បាស់ថា សមត្ថភាពរបស់កម្ពុជា គឺយ៉ាងណា» ។

«តាមរយៈពួកគាត់ទាំងអស់នេះហើយ ក៏នឹងបង្ហាញនូវសក្ដានុពលរបស់កម្ពុជាទៅថ្ងៃអនាគតផងដែរ ព្រោះធនធានទាំងអស់ ដូចសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងក្នុងពិធីចែកសញ្ញាបត្រកាលប៉ុន្មានថ្ងៃមុន គឺគ្មានធនធានអ្វីដែលធំជាងធនធានមនុស្សនោះទេ ។ ធនធានមនុស្ស មិនត្រឹមតែសមត្ថភាពទេ តែឥរិយាបថ អាក្បកិរិយា ដែលឆ្លុះបញ្ចាំងពីសក្ដានុពលរួមរបស់កម្ពុជា សម្រាប់អនាគតរបស់ប្រទេសជាតិយើងផងដែរ» ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ានី៕