(ឡុងដ៍)៖ អ្នកចាត់ការក្លិបបាល់ទាត់ Tottenham Hotspur លោក Antonio Conte នឹងត្រូវទទួលការវះកាត់នៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីយកថង់ទឹកប្រមាត់របស់លោកចេញ។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Conte វ័យ ៥៣ឆ្នាំ ត្រូវបានរកឃើញថា មានបញ្ហារលាកថង់ទឹកប្រមាត់ ហើយនឹងត្រូវឈប់សម្រាក ដើម្បីផ្តោតលើសុខភាព ដោយក្លិបមិនបានបញ្ជាក់ ពីពេលវេលាជាក់លាក់នោះទេ។

«លោក Antonio Conte ថ្មីៗនេះមានសុខភាពមិនល្អ ជាមួយនឹងការឈឺពោះធ្ងន់ធ្ងរ» ក្លិប Tottenham បានឲ្យដឹង។ «បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ នៃជំងឺរលាកថង់ទឹកប្រមាត់។ គាត់នឹងត្រូវទទួលការវះកាត់យកថង់ទឹកប្រមាត់ចេញ ហើយនឹងវិលត្រឡប់មកវិញនៅពេលជាសះស្បើយ»

Spurs នឹងវិលត្រឡប់ទៅកាន់ការប្រកួតក្នុង Premier League វិញនៅថ្ងៃអាទិត្យនេះ នៅពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមជើងខ្លាំង Manchester City។

សូមជម្រាបថា Spurs កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន ៣៦ពិន្ទុពី ២១ប្រកួតនាពេលកន្លងមក៕