(ឡុងដ៍)៖ បណ្តាក្លិបបាល់ទាត់លេងនៅលីគកំពូលអង់គ្លេស Premier League បានចំណាយប្រាក់បំបែកកំណត់ត្រាចំនួន ៨១៥លានផោន (១ពាន់លានដុល្លារអាមេរិក) ក្នុងរដូវកាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០២៣។ នេះបើតាមការវិភាគពីក្រុមហ៊ុន Deloitte's Sports Business Group ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០២ ខែកុម្ភៈ។

ក្លិបដែលចំណាយច្រើនជាងគេបំផុត គឺតោខៀវ Chelsea ដោយបានចំណាយស្មើនឹង ៣៧ភាគរយនៃការចំណាយសរុប ដោយវាមានចំនួនច្រើនជាង ការចំណាយបូកបញ្ចូលគ្នាដោយក្លិបទាំងអស់លេងនៅ Bundesliga, La Liga, Serie A និង Ligue 1 ទៅទៀត។ នេះបើតាមក្រុមហ៊ុនវិភាគបានបន្ថែម។

Chelsea ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាង Premier League បានចំណាយប្រាក់ ១០៦.៨លានផោន ក្នុងការនាំយកខ្សែបម្រើអាហ្សង់ទីន Enzo Fernandez មកពីក្លិប Benfica នៅថ្ងៃអង្គារ ដែលជាថ្ងៃចុងបញ្ចប់នៃរដូវកាលដោះដូរកីឡាករ។

ការចំណាយរបស់បណ្តាក្លិបដែលលេងនៅលីគកំពូលអង់គ្លេស បានកើនឡើងជិត ៣ដង បើធៀបនឹងរដូវកាលដោះដូរកីឡាករកាលពីខែមករា ឆ្នាំ២០២២។

គិតរយៈពេលពេញ ១រដូវកាលឆ្នាំ២០២២-២៣ ពួកគេបានចំណាយប្រាក់ ២.៨ពាន់លានផោន លើការដោះដូរកីឡាករ ដែលចំនួននេះ ខ្ពស់ជាងកំណត់ត្រាចាស់ ១.៩ពាន់លានផោនដែលបានធ្វើឡើងក្នុងរដូវកាល ២០១៧-១៨។

សូមជម្រាបថា ក្លិប AFC Bournemouth ដែលរងការគម្រាមកំហែងពីការកាត់ចេញពីលីគនោះ គឺជាក្លិបលំដាប់ទី២ ដែលបានចំណាយច្រើនជាងគេបំផុត ក្នុងការដោះដូរកីឡាកនៅ Premier League៕