(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងត្រូវបានលើកទឹកចិត្តជាខ្លាំងពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងការវិនិយោគលើរោងចក្រផលិតរថយន្តអគ្គិសនី។ ពោលគឺប្រសិនបើ Tesla ព្រមទៅវិនិយោគនោះនឹងត្រូវបានផ្តល់ឱ្យដ៏លើសលប់រួមមានការបន្ថូរបន្ថយពន្ធ រហូតដល់ការដាក់ឱ្យប្រើប្រាស់រ៉ែនីកែលដោយឥតគិតថ្លៃថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

សេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៏បាននឹងកំពុងទាក់ទាញក្រុមហ៊ុន Tesla ឱ្យទៅវិនិយោគលើការផលិតអាគុយរថយន្តអគ្គិសនីនៅលើទឹកដីរបស់ខ្លួនចាប់តាំងពីឆ្នាំ២០២០ មកម្លេះ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជួបពិភាក្សាផ្ទាល់ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ចំនួន ២ដងរួចមកហើយ នៅឯរោងចក្រ SpaceX ក្នុងរដ្ឋតិចសាស់កាលពីឆ្នាំមុន។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា លោក Joko Widodo បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើ Tesla យល់ព្រមទៅវិនិយោគរោងចក្រផលិតអាគុយរថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌូនេស៊ី លោកនឹងលើកទឹកចិត្តឱ្យមានការបន្ថូរបន្ថយពន្ធ រួមទាំងសម្បទានដល់រ៉ែនីកែលថែមទៀតផង»។ លើសពីនេះទៅទៀតលោកក៏មានគម្រោង ក្នុងការលើកទឹកចិត្តផ្សេងទៀតដោយរៀបចំឱ្យមានគម្រោងឧបត្ថមធនលើការទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla មកវិញ ដើម្បីកសាងទីផ្សារសម្រាប់ក្រុមហ៊ុនអាមេរិកដ៏ធំនេះនៅក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោក។

យ៉ាងណាមិញជុំវិញការទាក់ទាញឱ្យទៅវិនិយោគនេះ Tesla នៅមិនទាន់មានរបាយការណ៍ណាមួយឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ។ ខណៈដែលប្រទេសឥណ្ឌូនេស៊ីកំពុងតែបង្ហាញជំហរថាខ្លួន នឹងបើកចំហរង់ចាំ Tela គ្រប់ពេវេលាចំពោះការវិនិយោគនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី និងរថយន្តអគ្គិសនី៕