(ឡុងដ៍)៖ ក្លិបកាំភ្លើងធំ Arsenal បានចុះកិច្ចសន្យានាំយកកីឡាករ Jorginho មកពីក្លិបរួមលីគ Chelsea ក្នុងតម្លៃ ១២លានផោន ហើយលោកថា មិនអាចរង់ចាំបាននោះទេ ក្នុងការលេងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការ Mikel Arteta។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករសញ្ជាតិអ៉ីតាលី វ័យ ៣១ឆ្នាំរូបនេះបានបង្ហាញខ្លួនជាង ២០០ប្រកួតសម្រាប់តោខៀវ ដោយបានជួយក្លិបនេះលើកពានរង្វាន់ Europa League ក្នុងរដូវកាលឆ្នាំ២០១៨-១៩ និងពានរង្វាន់ UEFA Champions League ក្នុងរដូវកាលឆ្នាំ២០២០-២១ ទៀតផង។

លោកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១៨ខែ ជាមួយនឹងជម្រើសបន្ថែម ១ឆ្នាំទៀតនៅទឹកដី Emirates។

កីឡាករដែលបានឈ្នះពានរង្វាន់ Euro 2020 ជាមួយអ៉ីតាលីរូបនេះ អាចនឹងបង្ហាញខ្លួនជាលើកដំបូងរបស់លោក នៅពេលកាំភ្លើងធំ ធ្វើដំណើរទៅជួបក្រុម Everton នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

សូមជម្រាបថា Arsenal កំពុងឈរនៅកំពូលតារាងលីគកំពូលអង់គ្លេស Premier League ដោយនាំមុខ ៥ពិន្ទុលើក្រុម Manchester City ហើយវត្តមានរបស់ Jorginho ត្រូវបានគេរំពឹងថា នឹងជួយឲ្យក្រុមកាំភ្លើងធំលើកពានរង្វាន់នារដូវកាលនេះដែរ៕