(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅថ្ងៃទី០២ ខែកុម្ភៈនេះ បានដឹកនាំប្រតិភូជំនាញ ចុះពិនិត្យទីលានកីឡាមួយចំនួនធំ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) ហើយបានជំរុញការជួសជុល និងតុបតែងកែលម្អឲ្យបានរួចរាល់មុនការប្រកួតស៊ីហ្គេម លើកទី៣២ មកដល់ ។

ការចុះត្រួតពិនិត្យនេះ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងប្រធាន CAMSOC-CAMAPGOC កំឡុងពេលសម្ដេចចុះពិនិត្យទីតាំងជាក់ស្ដែង នៃការសាងសង់ភូមិកីឡា កាលពីថ្មីៗ ដោយសម្ដេចពិជ័យសេនា បានជំរុញគណៈកម្មការជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវធានាការជួសជុល និងកែលម្អគ្រប់ទីលានកីឡាទាំងអស់ ឲ្យបានរួចរាល់ទាន់ពេលវេលា ពោលគឺត្រូវបញ្ចប់ទាំងស្រុង ត្រឹមថ្ងៃទី២៥ ខែមេសា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការ CAMSOC-CAMAPGOC បានបញ្ជាក់ថា គោលបំណង នៃការចុះត្រួតពិនិត្យនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការជួសជុល និងការតុបតែងលម្អទីលាន ដែលមិនទាន់រួចរាល់ ១០០% និងពិនិត្យកន្លែងរួចរាល់ ១០០% ។ បានន័យថា មានកន្លែងខ្លះហើយ កន្លែងខ្លះមិនទាន់ហើយ និងនៅខ្វះខាតបន្ដិចបន្ដួច លោកបណ្ឌិត ថោង ខុន បានសម្រេចឲ្យធ្វើបន្ថែមនៅទីនោះតែម្ដង ។

លោកបន្ដថា «អ្វីដែលយើងយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យនេះ គឺយើងត្រួតពិនិត្យទៅលើភាពខ្វះខាត នៅលើទីលានមួយចំនួន ហើយសំណូមពររបស់ម្ចាស់ទីលានផ្ទាល់ ។ យើងបានពិនិត្យមើលនៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ហើយឃើញមានកន្លែងខ្លះ យើងត្រូវពន្លឿនការរៀបចំ មានកន្លះខ្លះ ត្រូវបន្ថែមនូវអ្វីដែលមិនទាន់មាន ហើយមានកន្លែងខ្លះ ត្រូវជួសជុលបន្ថែម ដូចជាបន្ទប់ និងសាលជាដើម ទោះបីសាលនោះ ត្រូវប្រើ ឬមិនប្រើ ក៏ត្រូវតែសម្អាត និងជួសជុលភ្លាមៗ» ។

ចំណែកកីឡដ្ឋានស្ដាតចាស់ ដែលជាកន្លែងរៀបចំការប្រកួតបាល់ទាត់នារី ត្រូវបានលោករដ្ឋមន្ដ្រី ថោង ខុន ចង្អុលបង្ហាញច្បាស់ៗ ឲ្យមានការកែលម្អ លាបពណ៌ ជួសជុល ទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់ កន្លែងប្រតិបត្តិការអាជ្ញាកណ្ដាល-ចៅក្រម និងបន្ទប់ទឹកជាដើម តើភាគីម្ចាស់ផ្ទះ ត្រូវធ្វើអ្វីខ្លះ? ហើយភាគីក្រុមហ៊ុនធ្វើអ្វីខ្លះ? មានន័យថា គ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការគ្នា និងពន្លឿនការរៀបចំនេះ ឲ្យបានរួចរាល់មុនការប្រកួតបាល់ទាត់នារីចាប់ផ្ដើម នាចុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។

លោ វ៉ាត់ ចំរើន បន្ថែមថា «យើងបានបែងចែកភារកិច្ច និងចង្អុលបង្ហាញរួចហើយ ត្រូវចាប់ផ្ដើមធ្វើភ្លាមៗ និងបន្ទាន់ ក្នុងដំណាក់កាល នៃការដើរសម្អាតទីលាន មានន័យថា យើងត្រូវមើលទីលានរាល់ពេលរាល់វេលា តាមប្រសាសន៍សម្ដេចពិជ័យសេនា ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន គឺពិនិត្យគ្រប់ទីលានទាំងអស់ ទាំង ៣៧ប្រភេទកីឡា...។ ការពិនិត្យនេះ ឆ្លុះបញ្ចាំងឲ្យឃើញការយកចិត្តទុកដាក់ និងយន្ដការរបស់ថ្នាក់ដឹកនាំ CAMSOC ថា ប្រាកដ និងធានាសុវត្ថិភាព សោភ័ណ្ឌភាព និងគុណភាព នៃទីតាំងនីមួយៗ ឲ្យបានរួចរាល់មុនការប្រកួតមកដល់» ។

គួរដឹងថា កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមថ្ងៃទី០២ ខែកុម្ភៈនេះ គឺនៅសល់ ៩២ថ្ងៃទៀតប៉ុណ្ណោះ មុនការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ។ សម្រាប់ទីតាំងប្រកួត ដែលនឹងត្រូវបម្រើឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្នុងរយៈពេល ៦៤ឆ្នាំនេះ មាន ៥ធំៗ រួមមានរាជធានីភ្នំពេញ (ប្រមូលផ្ដុំការប្រកួតកីឡាច្រើនជាងគេ), ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពេត និងខេត្តកែប ៕