(កូរ៉េ)៖ តារាសម្តែងជួរមុខកូរ៉េខាងត្បូង លោក Song Joong-ki បានប្រកាសរៀបការជាមួយតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ស្របពេលមិត្តស្រីម្នាក់នេះកំពុងមាន ផ្ទៃពោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ 

នៅលើគេហទំព័រអនឡាញមួយសម្រាប់អ្នកគាំទ្ររបស់លោក Song បានសរសេរថា «ថ្ងៃនេះយើងទើបតែត្រឡប់មកពីចុះសំបុត្រអាពាហ៍ពិពាហ៍របស់យើង ដើម្បីចាប់ផ្តើមជីវិតរបស់យើង ក្នុងនាមជាប្តីប្រពន្ធស្របច្បាប់ ដោយផ្អែកលើការជឿទុកចិត្តយ៉ាងជ្រាលជ្រៅនិងក្ដីស្រឡាញ់»។ តាមរយៈសំបុត្រទៅកាន់អ្នកគាំទ្រ តារាប្រុសវ័យ ៣៧ឆ្នាំបានប្រាប់ពីការសម្រេចចិត្តរៀបមង្គលការលើកទី២ និងបានរៀបរាប់អំពីស្នេហាថ្មីរបស់ខ្លួនថា នាងជាមនុស្សស្រីដ៏ល្អម្នាក់ ហើយលោកពិតជាកោតសរសើររូបនាង...។

តារាសម្តែងល្បីឈ្មោះ Song Joongki ក៏បានអរគុណដល់ក្រុមអ្នកគាំទ្រ ដែលតែងលើកទឹកចិត្ត និងបន្ដគាំទ្រលោករហូតដល់បច្ចុប្បន្ន ហើយលោកសង្ឃឹមថាអ្នកគាំទ្រនឹងទទួលយកការសម្រេចចិត្តនេះ និងបន្ដគាំទ្រលោក។

បើគេនៅចាំមិនភ្លេច មង្គលការនេះ នឹងជាមង្គលការទី២ហើយរបស់តួឯកប្រុសរឿង «Vincenzo» បន្ទាប់ពីលើកទីមួយរូបគេបានរៀបការជាមួយដៃគូសម្ដែងចាស់ គឺតារាកូរ៉េ Song Hye Kyo (សុង ហេខ្យូ) កាលពីឆ្នាំ២០១៧ ប៉ុន្តែក៏បានចែកផ្លូវគ្នាវិញកាលពីឆ្នាំ២០១៩៕