(បរទេស)៖ ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីប្រាក់ចំណូលប្រចាំត្រីមាសទី៤របស់ខ្លួននៅថ្ងៃនេះថា ខ្លួនគ្រោងទិញយកភាគហ៊ុនរបស់ Facebook ត្រឡប់មកវិញក្នុងចំនួនដ៏ច្រើនរហូតដល់ ៤០ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២២ កន្លងទៅប្រតិបត្តិករបណ្តាញទំនាក់ទំនងសង្គមបានទិញភាគហ៊ុនត្រឡប់មកវិញបានមួយចំនួនធំរួចទៅហើយប្រហែល ២៨ពាន់លានដុល្លារដែលត្រូវបានតម្កល់ទុកនៅក្នុងស្តុក។ ខណៈការប្រកាសទិញនេះមិនមែន Meta ទើបតែចាប់ផ្តើមគិតគូស្របពេលក្រុមហ៊ុនជួបវិបត្តិនាពេលថ្មីៗនេះនោះទេ គឺកើតឡើងតាំងពីឆ្នាំ២០១៧ មកម្លេះ ហើយក្នុងនោះចាប់ផ្តើមសម្រេចការទិញយកត្រឹមឆ្នាំ២០២១ ដែលមានតម្លៃខ្ទង់ ១០ពាន់លានដុល្លារជាលើកដំបូង។

យ៉ាងមិញការប្រកាសទិញភាគហ៊ុនត្រឡប់មកវិញនេះបានជួយឱ្យ Meta រួចផុតពីការខាតបង់ជាមួយនឹងប្រាក់ចំណូលដែលទទួលបានកើនឡើងលើសពីការរំពឹងទុករបស់អ្នកវិភាគ បន្ទាប់ពីភាគហ៊ុនបានកើនឡើងជាគំហុកដល់ ១៧ភាគរយគិតត្រឹមថ្ងៃប្រកាសទិញចុងក្រោយនេះ។

គួរបញ្ជាក់ដែរថា នេះជាដំណឹងដ៏ល្អបំផុតមួយសម្រាប់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Meta ដែលអាចជួយស្រោចស្រង់ការខាតបង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២២ ជាមួយនឹងភាគហ៊ុនកើនឡើង ខណៈរដូវកាលមុនសហស្ថាបនិក និងជានាយកប្រតិបត្តិលោក Mark Zuckerberg បាននិយាយថា Meta កំពុងគិតគូរឿងបញ្ឈប់បុគ្គលិកខ្ទង់ ១៣ភាគរយដើម្បីជួយទប់ចំណាយក្រុមហ៊ុន៕