(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈប្រតិភូ Miss Grand International បានអញ្ជើញចុះសួរសុខទុក្ខ ដល់ជនមានពិការភាពភ្នែកនិងកាយសម្បទា នៅសមាគមតន្ត្រីសំនៀងជនពិការ ចំនួន១០០នាក់ ដែលមានលោក ចាប តូ ជាប្រធាន។

ពិធីចែកអំណោយធ្វើឡើង ក្រោមអធិបតីភាពលោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ នៅទីតាំងសមាគម ដែលស្ថិតនៅភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កញ្ញា Isabella តំណាងគណៈប្រតិភូ បានលើកឡើងនិងផ្ដាំផ្ញើឱ្យជនមានពិការភាពទាំងអស់ មានកម្លាំងចិត្តកម្លាំងកាយប្រឹងតស៊ូ ជម្នះគ្រប់ឧបសគ្គ ខណៈកញ្ញាក៏មានជីតាជាជនមានពិការភាពផងដែរ។ កញ្ញាបានលើកឡើងបន្ថែមទៀតថា ដោយសារតែជីតាជាជនមានពិការភាព បានធ្វើឲ្យកញ្ញារឹងមាំដល់សព្វថ្ងៃនេះ។

ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បានលើកឡើងថា ជនមានពិការភាពនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរសុខទុក្ខការរស់នៅ និងសន្តោសប្រណីដល់ជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានអភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យ ពិសេសជនពិការមានទីជម្រកទទួលបាននូវជំនាញ មុខរបរការងារ ការសិក្សាអប់រំ។

លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវទៅដល់សប្បុរសជន ជួយយកចិត្តទុកដាក់ ឧបត្ថម្ភថវិកា និងសម្ភារៈបន្ថែមទៀតជួយដល់សមាគមតន្ត្រីសំនៀងជនពិការ ដើម្បីយកថវិកាទៅរៀបចំទូរទស្សន៍ និងវិទ្យុសំឡេងជនមានពិការភាពកម្ពុជា ធ្វើយ៉ាងណាផ្គត់ផ្គង់ទូរទស្សន៍ឲ្យបានរយៈពេល០១ឆ្នាំ ឱ្យចេញជារូបរាងទម្រាំរឹងដៃរឹងជើង៕