(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Honda Motor Co របស់ប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតមុខងារប្រើប្រាស់ថ្មីមួយនៅក្នុងរថយន្តអគ្គិសនីរបស់ខ្លួននៅឆ្នាំនេះ ដែលមានឈ្មោះថា «Hydrogen fuel cell system» ដែលមានកម្លាំងខ្លាំងជាងមុនបើធៀបទៅនឹងការប្រើប្រាស់អាគុយរថយន្តអគ្គិសនីតែម្យ៉ាងនៅក្នុងរថយន្ត។ ខណៈការបង្កើតថ្មីនេះ Honda នឹងសហការជាមួយដៃគូបណ្តាក់ទុកដែលមានស្រាប់របស់ខ្លួនគឺ General Motors Co (GM)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឱ្យដឹងថា Honda នឹងកំណត់គោលដៅលក់រថយន្តប្រចាំឆ្នាំរបស់ខ្លួនដល់ខ្ទង់ ២,០០០គ្រឿងនៃប្រព័ន្ធប្រើប្រាស់ថ្មីដែលត្រូវបានបំពាក់ក្នុងរថយន្តអគ្គិសនីនៅពាក់កណ្តាលទសវត្សរ៍នេះ។ លើសពីនេះទៅទៀត Honda ក៏មានមហិច្ឆតាបង្កើនចំនួននៃការលក់បន្ថែមទៀតនៅឆ្នាំ២០៣០ ឱ្យបានដល់ ៦០,០០០គ្រឿងឯណោះក្នុងរយៈពេលមួយឆ្នាំ។

យ៉ាងណាមិញបើតាមនាយកប្រតិបត្តិជាន់ខ្ពស់របស់ Honda លោក Shinji Aoyama បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលព្រឹត្តិការណ៍របស់ក្រុមហ៊ុននៅទីក្រុងតូក្យូថា Honda មិនត្រឹមតែដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីនៅក្នុងរថយន្តអគ្គិសនី (FCEVs) ប៉ុណ្ណោះទេ ប៉ុន្តែនឹងមានបំណងពង្រីកទៅដល់រថយន្តពាណិជ្ជកម្មបន្ថែមទៀតដូចជារថយន្តដឹកទំនិញធន់ធ្ងន់ ស្ថានីយ៍ផ្តល់ថាមពលសម្រាប់រថយន្ត រួមទាំងក្នុងម៉ាស៊ីនធំៗសម្រាប់សំណង់ផងដែរ៕