(ប៉ារីស)៖ កីឡាករ Kylian Mbappe ត្រូវបានគេមើលឃើញថា ទំនងជាត្រូវអវត្តមាន ក្នុងការប្រកួតជើងទី១ វគ្គ ១៦ក្រុមចុងក្រោយនៃពាន UEFA Champions League របស់ក្លិប Paris Saint-Germain ប៉ះក្រុម Bayern Munich ដោយសារតែរបួសសរសៃពួរកែងជើង។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មានបញ្ហារបួសនៅក្នុងការប្រកួតតង់ដំបូង នៃជ័យជម្នះក្នុង Ligue 1 នៃលទ្ធផល ៣-១ របស់ PSG លើក្រុម Montpellier កាលពីថ្ងៃពុធ ហើយគ្រោងនឹងខកខានការប្រកួត ប្រមាណ ៣សប្តាហ៍ទៀតផង។

ក្រុមជើងឯក Ligue 1 របស់បារាំង បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ដោយបានប៉ាន់ស្មានពីពេលវេលាជាសះស្បើយរបស់ Mbappe ដោយប្រសិនបើអវត្តមាន ៣សប្តាហ៍មែននោះ លោកនឹងត្រូវខកខានជំនួបនៅ Ligue 1 ប៉ះក្រុម Toulouse, Monaco និង Lille ព្រមទាំងជំនួបក្នុងពានរង្វាន់ Coupe de France ប៉ះក្រុម Marseille និងការប្រកួតជើងទី១ ក្នុងពាន UEFA Champions League របស់ពួកគេ ដែលត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Bayern ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខ។

សូមជម្រាបថា Mbappe រកបាន ២៥គ្រាប់ក្នុងការបង្ហាញខ្លួន ២៦លើកសម្រាប់ PSG ក្នុងរដូវកាលនេះ៕