(បរទេស)៖ នៅថ្ងៃព្រហ្បតិ៍ម្សិលមិញនេះ Twitter បានប្រកាសថា ខ្លួននឹងបិទការចូលប្រើប្រាស់មុខងារ Twitter API ដោយឥតគិតថ្លៃរបស់ខ្លួនគិតចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ចាប់តាំងពីថ្ងៃដែលកំពូលមហាសេដ្ឋីលោក Elon Musk បានឈានជើងចូលកាន់កាប់តំណែងជាផ្លូវការនៅ Twitter ក្នុងអំឡុងចុងខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២២ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមនេះបានធ្លាក់ចុះខ្ទង់ ៧១ភាគរយឯណោះ ដែលធ្វើឱ្យ Musk រិះរកគ្រប់មធ្យោបាយដើម្បីជួយសង្រ្គោះ Twitter ពីការក្ស័យធន។

យោងតាមខ្លឹមសារចេញផ្សាយថ្មីនេះមានន័យថា មុខងារមួយចំនួននៅលើ Platform របស់ Twitter នឹងតម្រូវឱ្យមានការបង់ប្រាក់ ដើម្បីអាចបង្កើនប្រាក់ចំណូលបានខ្លះក្នុងការទប់ចំណាយ។ ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ Musk ទើបតែដាក់ចេញនូវមុខងារ Twitter Blue ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ប្រចាំខែដើម្បីទទួលបាននូវសញ្ញាធីកបញ្ជាក់ពីគណនីផ្លូវការ ក៏ដូចជាជួយរក្សាសុវត្ថិភាពអ្នកប្រើប្រាស់។ ដោយឡែកពេលនេះ Musk កំពុងបន្ថែមមុខងារបង់ប្រាក់ថ្មីបន្ថែមទៀតនោះគឺ Twitter API ដែលកន្លងមកជាមុខងារដែលដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី០៩ ខែកុម្ភៈតទៅ រាល់ Developer នឹងក្រុមហ៊ុនដែលពឹងផ្អែកលើការប្រើប្រាស់ APIs របស់ Twitter ទាំងអស់នឹងត្រូវតម្រូវឱ្យបង់ថ្លៃប្រចាំខែដើម្បីចូលប្រើទិន្នន័យ។ ពោលគឺតាមរយៈការបង្ហោះសារ Twitter មួយរបស់បណ្តាញផ្សព្វផ្សាយសង្គមនេះផ្ទាល់បានបញ្ជាក់ថា Twitter មានសំណុំទិន្នន័យដ៏ធំបំផុត និងមានឥទ្ធិពលបំផុតមួយ ដូច្នេះខ្លួននឹងប្តេជ្ញារក្សាទំនាក់ទំនងរបស់ខ្លួនជាមួយអង្គភាពដែលប្រើ API ហើយក៏អាចបើកដំណើរការបានលឿន និងទូលំទូលាយបន្ថែមទៀតនាពេលអនាគត៕