(ភ្នំពេញ)៖ មន្ដ្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាចំនួន ៨រូប បានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ នៃសមាគមកីឡាប្រដាល់សកលអន្ដរជាតិ (IBA) ដើម្បីត្រៀមចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា មន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រមទាំង ៨រូបខាងលើ រួមមានលោក សួស លីនណា លោក ម៉ាក់ សាមឿន លោក ផល សុផាត លោក ណុប វ៉ាន់ថេត លោក ម៉ី រតនៈ លោក ជួន សំណាង លោក នួន វុទ្ធី និងកញ្ញា ឥន្ទ វិចិត្រ ដែលត្រូវបានប្រគល់ និងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារបស់ខ្លួនកាលពីថ្ងៃទី០២ ខែកុម្ភៈ។

អគ្គលេខាធិការសហព័ន្ធដដែលបានចាត់ទុកនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ សម្រាប់សហព័ន្ធដែលមានមន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ ទទួលស្គាល់ដោយ IBA ពិសេសដើម្បីត្រៀមចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

លោកថា «ពួកគាត់ ដែលទទួលបានសញ្ញាបត្រអន្ដរជាតិផ្កាយ១ ទទួលស្គាល់ដោយ IBA គឺជាប្រវត្តិសាស្ដ្រហើយ មានន័យថា ពីមុនមកមានតែអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិ។ ដូច្នេះជាលើកទី១ សម្រាប់សហព័ន្ធក្នុងការអនុវត្តផែនការអភិវឌ្ឍន៍របស់សហព័ន្ធ ឆ្ពោះទៅការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងមានមន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រម មានលក្ខណៈសម្បត្តិពេញលេញ សម្រាប់ចូលរួមបម្រើការងារកាត់សេចក្ដី»។

«សម្រាប់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ៨រូបនេះ នឹងមាន ២រូបចូលរួមកាត់សេចក្តីសម្រាប់ប្រភេទកីឡាប្រដាល់សកលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងប្រកួតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ រីឯមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ៦រូបទៀត ក៏នឹងចូលរួមជាមន្ត្រីបច្ចេកទេសសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះផងដែរ»។ លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់បន្ថែម។

ជាមួយការប្រឡងជាប់សញ្ញាបត្រ IBA ផ្កាយ១ នេះដែរ លោក ជួន សំណាង បានសម្ដែងការសប្បាយចិត្តជាខ្លាំង ពិសេសគឺការទទួលបានឱកាសចូលរួមដឹកនាំ និងរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជាតែម្ដង។ លោកថា «ខ្ញុំមានសេចក្ដីសប្បាយរីករាយបំផុត ដែលមានឱកាសបង្ហាញសមត្ថភាពក្នុងការដឹកនាំប្រដាល់សកលស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះ ហើយក៏ជាឱកាសយើងបង្ហាញសមត្ថភាពឲ្យបណ្ដាប្រទេសនានាទទួលស្គាល់ថា មន្ដ្រីកម្ពុជា មានសមត្ថភាពអាចវិវឌ្ឍន៍ខ្លួនកាន់តែប្រសើរថែមទៀតផងដែរ»។

សូមរំឮកថា កាលពីចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានសហការជាមួយ IBA រៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ (IBA 1-Star R&J Certification Course 2022) ដែលបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិលោក Waith John Henry។ វគ្គនេះ មានសិក្ខាកាមចូលរួមសរុប ១៧នាក់ ហើយជាលទ្ធផលមានសិក្ខាកាម ៨នាក់ បានប្រឡប់ជាប់ និងទទួលស្គាល់ដោយ IBA៕