(កូរ៉េ)៖ តារាចម្រៀងល្បីជនជាតិថៃ Lisa ដែលជាសមាជិកក្រុមចម្រៀងស្រី K-pop Blackpink បានទិញផ្ទះប្រណិតមួយនៅក្នុងតំបន់ដ៏សម្បូរបែបបំផុត ក្នុងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ដែលមានតម្លៃរហូតដល់៦លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
តារាវ័យ២៥ ឆ្នាំរូបនេះ បានទិញផ្ទះពីរជាន់ ដែលមានបន្ទប់ក្រោមដីនៅក្នុងសង្កាត់ Seongbuk-dong ក្នុងតម្លៃ៦លានដុល្លារ។ តារាចម្រៀងរ៉េបថៃរូបនេះ បានចុះកុងត្រាទិញផ្ទះ កាលពីខែកក្កដា ឆ្នាំ២០២២ ដោយបានប្រើសាច់ប្រាក់បង់ថ្លៃផ្ទះ ខណៈការទិញដាច់ចុងក្រោយ ត្រូវបានធ្វើឡើងនៅខែមករាឆ្នាំ ២០២៣នេះ។ ការចុះបញ្ជីអចលនទ្រព្យដែលដកស្រង់ដោយ Biz Hankook បង្ហាញថាផ្ទះនេះត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ២០១៦ និងមានផ្ទៃដីសរុប ៦៨៩.២២ ម៉ែត្រការ៉េ។
គួរជម្រាបថា ម្ចាស់ផ្ទះមុន គឺលោកស្រី Chang Seon-yoon ជាចៅស្រីរបស់ស្ថាបនិក Lotte Group លោក Shin Kyuk-ho។ របាយការណ៍បាននិយាយថា Seongbuk-dong ក៏ជាកន្លែងសម្រាប់តារាល្បីៗ ដូចជាអតីតតារាសម្តែង Bae Yong-joon និងតារាចម្រៀង-តារាសម្តែង Lee Seung-gi ផងដែរ៕