(អាំស្ទើដាំ)៖ ក្លិបបាល់ទាត់ហូឡង់ Ajax Amsterdam បានសម្រេចតែងតាំងលោក John Heitinga ជាគ្រូបង្វឹកថ្មីរបស់ពួកគេរហូតដល់ចប់រដូវកាលនេះ ដ្បិតរូបលោកក៏ធ្លាប់បានដឹកនាំឈុត U23 របស់ក្លិបនាពេលកន្លងមកដែរ។

បុរសវ័យ ៣៩ឆ្នាំខាងលើនេះ បានដាក់ឲ្យកាន់តួនាទីនេះបណ្តោះអាសន្នជាមួយលោក Michael Reiziger បន្ទាប់ពីក្លិបបានបញ្ចប់តំណែងលោក Alfred Schreuder កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ Live Score នាថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Heitinga អតីតខ្សែការពារ Everton បានដឹកនាំ Ajax លេងឈ្នះ Excelsior ក្នុងលទ្ធផល ៤ទល់នឹង១ ក្នុងលីគកាលពីថ្ងៃអាទិត្យសប្តាហ៍មុន មុនឈានដល់តំណែងជាអចិន្រ្ទៃនាពេលនេះ។

CEO ក្លិប Ajax លោក Edwin van der Sar បានថ្លែងក្នុងសន្និសីទថា «យើងមានទំនុកចិត្តក្នុងការតែងតាំងនេះ។ លោក John គឺបុគ្គលមួយរូបដែលពេញដោយសមត្ថភាពដែលតែងតែអភិវឌ្ឍន៍ជានិច្ចច្រើនឆ្នាំមកនេះ រហូតធ្វើឲ្យពួកយើងមើលឃើញពីគុណភាពរបស់លោកនាពេលនេះ»

Ajax កំពុងស្ថិតនៅលេខរៀងទី៤ ក្នុងតារាងពិន្ទុ Eredivision ដែលត្រូវធ្វើដំណើរទៅប៉ះក្រុម Cambuur នារាត្រីថ្ងៃអាទិត្យ និងត្រូវលេងវគ្គ ១៦ក្រុមនៅពាន UEFA Europa League ទល់នឹង Union Berlin ក្នុងខែនេះដែរ ស្របពេលក្រុមហូឡង់មួយទៀត FC Twente ត្រូវជួប KNVB នៃវគ្គចាញ់-ធ្លាក់នេះដូចគ្នា៕