(សៀមរាប)៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដក និងក្រីមែកឈើ គឺដើមឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ។

លោក យិន សុវ៉ាត ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការកាត់ដក ក្រីមែកឈើ ដែលងាប់នេះជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើៗ ការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាលឱ្យប៉ះពាល់ នឹងអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទ។

លោកពន្យល់ថា ការកាត់ដក និងកាត់ក្រីមែកឈើនៅតាមទីតាំងនានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវនិងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។កំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងកាត់។

គួរបញ្ជាក់ថា នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ ក៏ដូចជាថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា៕