(បរទេស)៖ គ្រាន់តែបើកឆាកដើមឆ្នាំ២០២៣ ថ្មីៗនេះ Apple រំពឹងទុកថានឹងបាត់ចំណូលរហូតដល់ខ្ទង់ ៥ភាគរយឯណោះពីមួយឆ្នាំទៅមួយឆ្នាំ ខណៈនាយកប្រតិបត្តិលោក Tim Cook បានលើកឡើងថា វាបណ្តាលមកពីកត្តាធំៗចំនួន ៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ប្រៀបធៀបរបស់ Apple បានឱ្យដឹងថា គិតចាប់ពីឈានជើងចូលត្រីមាសទី១ ឆ្នាំនេះ ភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះប្រហែល ៤ភាគរយ មកនៅត្រឹមតែ ១.៨៨ដុល្លារក្នុងមួយហ៊ុន បើធៀបនឹងតម្លៃ ១.៩៤ដុល្លារនៃការរំពឹងទុក។ ចំណែកឯប្រាក់ចំណូលដែលរកបានពីការលក់ឧបករណ៍ផ្សេងៗសរុបរកបានត្រឹមតែ ១១៧.១៥ពាន់លានដុល្លារប៉ុណ្ណោះ ខណៈការរំពឹងទុកមានដល់ទៅ ១២១.១០ពាន់លានដុល្លារ ដែលបង្ហាញពីធ្លាក់ចុះដ៏ខ្លាំងមួយរហូតដល់ ៥.៤៩ភាគរយបើធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញសម្រាប់ប្រាក់ចំណូលដែល Apple រកបានពីការលក់ iPhone ឆ្នាំនេះក៏ធ្លាក់ចុះខ្លាំងគួរសមដែលពីការប៉ាន់ស្មានដែលរកបានមានចំនួនដល់ ៦៨.២៩ពាន់លានដុល្លារ តែជាលទ្ធផលរកបានមានត្រឹមតែ ៦៥.៧៨ពាន់លានដុល្លារប៉ុណ្ណោះ។ ពោលគឺ វាបានធ្លាក់ចុះខ្ទង់ ៨.១៧ភាគរយ បើធៀបនឹងការរំពឹងទុក បើទោះបីជាព័ត៌មានចេញផ្សាយកន្លងទៅហាក់បង្ហាញពីក្តីសង្ឃឹមសម្រាប់ Apple ក្នុងការបើកដំណើរការរោងចក្រនៅប្រទេសចិនក៏ដោយ។

បើតាមការបូកសរុបរបស់ Apple ចំណូលដែលរកបានពី Mac បានធ្លាក់ចុះប្រហែល ២៨.៦៦ភាគរយ ពីចំនួនរំពឹងទុក ៩.៦៣ពាន់លានដុល្លារ មកនៅត្រឹម ៧.៧៤ពាន់លានដុលា្លរ រីឯប្រាក់ចំណូលរបស់ iPad ដែលរកបានមានចំនួន ៧.៧៦ពាន់លានដុល្លារ ធ្លាក់ចុះ ២៩.៦៦ភាគរយបើធៀបនឹងការរំពឹងទុក។ ដោយឡែកសម្រាប់ប្រាក់ចំណូលដែលបានពីការលក់ផលិតផលផ្សេងៗរបស់ Apple មានប្រហែល ១៣.៤៨ពាន់លានដុល្លារ បានធ្លាក់ចុះខ្ទង់ ៨.៣ភាគរយ និងចុងក្រោយប្រាក់ចំណូលដែលរកបានពីការលក់ឧបករណ៍សេវាកម្មផេ្សងៗរបស់ Apple ហាក់មានកម្លាំងចិត្តបន្តិចដោយបានជួយទប់ការខាតបង់ប្រហែល ៦.៤ភាគរយ ដែលឈានដល់ទំហំសាច់ប្រាក់ ២០.៧៧ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយទិន្នន័យនេះអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ខណៈប្រធានផ្នែកហិរញ្ញវត្ថុលោក Luca Maestri បាននិយាយថា ប្រាក់ចំណូលប្រចាំត្រីមាសខែមីនា នឹងមាននិន្នាការធ្លាក់ចុះប្រហែលត្រីមាសខែធ្នូកន្លងទៅដែរ។

គួរបញ្ជាក់ដែរថា កត្តា ៣យ៉ាងដែលលោក Tim Cook បានលើកឡើងខាងលើនោះគឺ បញ្ហាប្រាក់ដុល្លារធ្លាក់ចុះ បញ្ហាផលិតកម្មក្នុងប្រទេសចិនដែលប៉ះពាល់ដល់ iPhone 14 Pro និង iPhone 14 Pro Max និងចុងក្រោយបរិយាកាសម៉ាក្រូសេដ្ឋកិច្ចទាំងមូល ដែលជាហេតុធ្វើឱ្យបាត់ចំណូលដ៏ច្រើនរបស់ Apple៕