(សៀមរាប)៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៦ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី០៤ ខែកុម្ភៈនេះ ក្រោយខកខានរៀបចំ ២ឆ្នាំ ។ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានចាត់ទុកសមិទ្ធផលដ៏អស្ចារ្យនេះ បានបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ ។

លោករដ្ឋមន្ដ្រី ថោង ខុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសឲ្យក្រសួងទេសចរណ៍ ក៏ដូចជា NOCC បានសហការជាមួយលោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដើម្បីរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ ក៏ដូចជាព្រឹត្តិការណ៍អង្ការសង្ក្រាន្ដ ឆ្នាំ២០២៣ ឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកបន្ដថា «កម្ពុជា គឺជាប្រទេសមួយ ដែលមានសន្តិភាពក្នុងតំបន់ ហើយតាមរយៈសន្តិភាពនេះ បានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស រួមទាំងវិស័យកីឡាផងដែរ ។ ចំពោះព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៦ ឆ្នាំ២០២៣ គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ ដែលបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”...» ។

បើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍កីឡារត់ឆ្លងកាត់ឧបសគ្គ តាមតំបន់ព្រៃភ្នំ ប្រាង្គប្រាសាទ ផ្លូវលំ និងវាលស្រែ របស់អ្នកភូមិ នៅតំបន់អង្គរ ខេត្តសៀមរាបនេះ គឺមានអ្នកចូលរួមសរុបជិត ១ពាន់ ក្នុងនោះមានអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ ចំនួន ៨៣នាក់, រត់ចម្ងាយ ចំនួន ៦៤គីឡូម៉ែត្រ ចំនួន ១០៧នាក់, រត់ចម្ងាយ ៤២គីឡូម៉ែត្រ ចំនួន ១៥០នាក់, រត់ចម្ងាយ ៣២គីឡូម៉ែត្រ ចំនួន ១៦០នាក់, រត់ចម្ងាយ ១៦គីឡូម៉ែត្រ ចំនួន ២៧៨នាក់ និងរត់ចម្ងាយ ៨គីឡូម៉ែត្រចំនួន ១២១នាក់

លោក Edouard George ដែលជាក្រុមហ៊ុនសហការរៀបចំព្រឹត្តិការណ៍នេះ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ចំពោះការវិលត្រឡប់មកវិញ នៃព្រឹត្តិការណ៍ Angkor Ultra Trail តែបានទទួលអត្តពលិកជាតិ និងអន្ដរជាតិចូលរួមកើនឡើងទ្វេដង ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ ក្នុងនោះក៏មានពលរដ្ឋកម្ពុជារត់ ១០០គីឡូម៉ែត្រផងដែរ ។ តាមរយៈនេះ លោករំពឹងថា ឆ្នាំក្រោយៗ នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត ៕