(ភ្នំពេញ)៖ តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាព លោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆនៈរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការ ក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មី ឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីចុះកិច្ចសន្យានេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ និងអ្នកសារព័ត៌មានជាច្រើន ដែលមានវត្តមានធ្វើជាសាក្ខីភាព នៃការចុះហត្ថលេខានេះ។
ក្នុងឱកាសនោះដែរ លោក G-Devith ក៏បានសម្តែងអារម្មណ៍រំភើប ដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀងថ្មីៗ ផលិតវីដេអូចម្រៀង ឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំតន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ។

ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន អំពីការជ្រើសរើសលោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានថ្លែងថា «លោក G-Devith គឺជាសិល្បករមួយរូប ដែលមានឆន្ទៈ ការតស៊ូខ្ពស់ ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវ័យឆ្លាត ទាំងការតែងនិពន្ធ ការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀងរបស់គាត់ និងការធ្វើទីផ្សារសម្រាប់ខ្លួនឯងបានយ៉ាងល្អ»។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបន្ដទៀតថា «គាត់យកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពរាល់កិច្ចការរបស់គាត់ ដែលឆន្ទៈនេះ ដូចទៅនឹងឆន្ទៈ របស់វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែផលិតនូវផលិតផល ដែលមានគុណភាពខ្ពស់ សម្រាប់អតិថិជន ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប៊្រូវើរី និងលោក G-Devith នឹងនាំអ្វីអស្ចារ្យទាំងសម្រាប់ដេវីត និងស្រាបៀរ វឌ្ឍនៈ និងដ្រាហ្គិនរបស់យើង»។

លើសពីការចុះហត្ថលេខា លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីជាច្រើនបទ នៅក្នុងអាល់ប៊ុម Passion II របស់លោក ដោយមានការចូលរួមពីហ្វេន និងទស្សនិកជនរាប់ពាន់នាក់។

វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំង ក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង និងច្បាស់លាស់។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ មានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕