(ភ្នំពេញ)៖ ការនំាចេញ ឬនាំចូលឱសថគ្រប់ប្រភេទ សម្រាប់វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា គឺមានតែគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចនាំចេញ ឬនាំចូលឱសថបាន។ ការធ្វើបែបនេះ មានគោលបំណងដើម្បីបង្ការកុំឱ្យមានការចរាចរណ៍ឱសថក្លែងក្លាយក្នុងប្រទេសកម្ពុជា ដែលអាច បង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកប្រើប្រាស់។

ដូចនេះ តើដើម្បីស្នើសុំបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថនៅ កម្ពុជាតម្រូវឱ្យមានលក្ខខណ្ឌយ៉ាងដូចមេ្ដចខ្លះ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នៅកម្ពុជា» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

យោងតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសលក្ខខណ្ឌដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីអាចបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថបាន គឺតម្រូវឱ្យអ្នកស្នើសុំត្រូវតែជាឱសថការី ដែលមានលក្ខណៈសម្បត្តិដូចជា (១) មានសញ្ជាតិខ្មែរ (២) មានសញ្ញាប័ត្រទទួលស្គាល់ដោយក្រសួងសុខាភិបាល (៣) មិនជាប់ក្នុងបញ្ជីថ្កោលទោសពីទោសឧក្រិដ្ឋណាមួយ និង (៤) មានសុខភាពគ្រប់គ្រាន់អាចបំពេញការងារបាន។ ម្យ៉ាងវិញទៀត ឱសថការីមួយរូប មានសិទ្ធិដាក់ពាក្យសុំបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ បានតែមួយកន្លែង និងមិនអាចប្រកបវិជ្ជាជីវៈសុខាភិបាលផ្សេងទៀតឡើយ។

ចំពោះការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ តម្រូវឱ្យមានសំណុំលិខិតសុំភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធដូចជា៖

* ក. ពាក្យសុំបើក មានបិទតែមប្រិ៍ ១.០០០ រៀល (០១ ច្បាប់)

* ខ. សញ្ញាប័ត្រឱសថការី ទទួលស្គាល់ដោយក្រសួងសុខាភិបាល (០១ ច្បាប់)

* គ. ប្រវត្តិរូបសង្ខេបរបស់សាមីជន (០១ ច្បាប់)

* ឃ. វិញ្ញាបនប័ត្រសុខភាពចេញដោយក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលរាជធានី-ខេត្ត (០១ ច្បាប់)

* ង. លិខិតថ្កោលទោស ដែលនៅមានសុពលភាព ចេញដោយក្រសួងយុត្តិធម៌ (០១ ច្បាប់)

* ច. គំនូសបំព្រួញទីតាំង ទីចាត់ការ និងឃ្លាំងស្តុក ដោយមានចំណារឯកភាពពីសង្កាត់/ឃុំ (០១ ច្បាប់)

* ឆ. លក្ខន្តិកៈក្រុមហ៊ុន (ថតចម្លង)

* ជ. រូបថតអគារ ទីចាត់ការ និងឃ្លាំង (ថតចំពីមុខ និងខាងក្នុង) យ៉ាងតិច (០៥ សន្លឹក)

* ឈ. រូបថតសាមីជន ៤ x ៦ ស.ម (០៣ សន្លឹក)
សំណុំលិខិតទាំងនេះនៅពេលដែលបានរៀបចំរួចរាល់ ត្រូវបញ្ជូនមកក្រសួងសុខាភិបាល មកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។

ដោយឡែកចំពោះលក្ខ ខណ្ឌសម្រាប់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គឺត្រូវតែដាច់ចេញពីកន្លែងស្នាក់នៅ មានអនាម័យស្អាតបាតទាំងខាងក្នុង ទាំងខាងក្រៅ ស្របតាមការកំណត់ដូចខាងក្រោម៖

* ក. ត្រូវមានស្លាកសញ្ញាត្រឹមត្រូវ (ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ លេខទូរសារ) ទំហំយ៉ាងតូច ០.៤ x ០.៦ ម៉ែត្រ

* ខ. ទីចាត់ការ ត្រូវមានការរៀបចំ ជារបៀបការិយាល័យ

* គ. ឃ្លាំងត្រូវដាច់ចេញពីកន្លែងស្នាក់នៅ និងមានទំហំ យ៉ាងតិច ១២០ ម៉ែត្រគូប

* ឃ. មានទូរ និងកំណល់គ្រប់គ្រាន់សម្រាប់រៀបចំទុកដាក់ ផលិតផលឱសថ

* ង. មានម៉ាស៊ីនត្រជាក់ កង្ហារ សីតុណ្ហមាត្រ និងប្រដាប់វាស់សំណើម សម្រាប់តាមដានសីតុណ្ហភាព និងសំណើមក្នុងឃ្លាំងតាមលក្ខណៈបច្ចេកទេសឱសថសាស្ត្រ

* ច. មានទូរពិសេសសម្រាប់គ្រឿងញៀន និងជាតិពុល ចំណែកឯគ្រឹះស្ថានអាហរ័ណ នីហរ័ណ ដែលធ្វើការនាំចូល និងចែកចាយ នូវសេរ៉ូម វ៉ាក់សាំង ឬប្រតិករត្រូវមានទូរត្រជាក់

* ឆ. វិក្កយបត្រទំនិញ ត្រូវមានឈ្មោះ និមិត្តសញ្ញា អាសយដ្ឋាន លេខទូរស័ព្ទ និងទូរសារច្បាស់លាស់របស់គ្រឹះស្ថាន

* ជ. នៅលើបណ្ណបញ្ជាទិញ ឬប័ណ្ណបញ្ចូល ឬបញ្ចេញ ឬវិក្កយប័ត្រទំនិញ ត្រូវមានចុះហត្ថលេខា និងឈ្មោះរបស់ឱសថការីទទួលខុសត្រូវ។

ចំពោះលិខិតអនុញ្ញាតស្ដីពីការបើកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ មានសុពលភាពរយៈពេល ២ឆ្នាំ។ ពីរខែមុនផុតកំណត់ សាមីជនត្រូវដាក់ពាក្យសុំបន្ដសុពលភាពឱ្យបានទាន់ពេលវេលា។ ករណីអស់សុពលភាព ក្រសួងសុខាភិបាលនឹងផ្អាកសកម្មភាពជាបណ្ដោះអាសន្ននូវការទទួលពាក្យសុំនាំចូលឱសថ និងការចុះបញ្ជិកា រហូតដល់លិខិតអនុញ្ញាតមានសុពលភាពឡើងវិញ។ បើសិនជាខកខានពុំបានមកសុំបន្ដសុពលភាពចាប់ពី ៣ខែឡើងទៅ ក្រសួងសុខាភិបាលពុំអនុញ្ញាតឱ្យបន្ដសុពលភាពបានទេ ហើយលិខិតអនុញ្ញាតនឹងត្រូវចាត់ទុកជាមោឃៈ។

សរុបមក ការចុះបញ្ជីស្នើសុំបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គឺមានភាពចាំបាច់ដើម្បីទទួលបាននូវការធានា និងគាំពារដោយរដ្ឋ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់បាន ចំពោះការនាំចូលនូវឱសថខុសច្បាប់។ ផ្ទុយទៅវិញ ប្រសិនបើរាល់ការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល (ប្រាំលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល)។

រៀបរៀងដោយ៖ លោក រ៉ាត់ ចាន់ធី និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm៕