(ភ្នំពេញ)៖ លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានចាត់ទុកការចូលរួមយ៉ាងផុសផុលក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ គឺជាសក្ខីភាពមួយទៀត នៃគ្រួសារការ៉ាតេកម្ពុជា ក្នុងយុទ្ធនាការ «កីឡារស់ក្នុងសន្ដិភាព»

ការគូសបញ្ជាក់នេះ ក្រោយការប្រកួតជើងឯកប្រចាំឆ្នាំខាងលើ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅសាលដំបូលទូក ក្នុងសាកលវិទ្យាល័យភូមិន្ទ។ ការប្រកួតនេះ ចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈនេះ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៤៨នាក់ មកពី ២១សមាគម/ក្លិប។

អនុប្រធានសហព័ន្ធខាងលើ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំ ដែលជំរុញព្រឹត្តិការណ៍នេះ បញ្ចប់ដោយជោគជ័យ ពិសេសការចូលរួមយ៉ាងផុសផុលរបស់បណ្ដាសមាគម/ក្លិប និងសាលាគុននានា ក្នុងការលើកកម្ពស់ការយល់ដឹងពីតម្លៃកីឡាផង និងបេសកកម្មលើកស្ទួយវិស័យកីឡាការ៉ាតេកម្ពុជាផង។

លោកបន្ដថា «ការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នេះ ក៏ជាសក្ខីភាព នៃស្មារតីសហការខ្ពស់ ពីគ្រប់មជ្ឈដ្ឋាន នៃគ្រួសារការ៉ាតេ ក្នុងយុទ្ធនាការជាតិ ស្ដីពីការផ្សព្វពផ្សាយលើប្រធានបទ «កីឡារស់ក្នុងសន្ដិភាព» ផងដែរ»

បន្ថែមលើកនេះ លោកបានផ្ដាំផ្ញើ និងជំរុញឲ្យកីឡាករ-កីឡាការិនី ក៏ដូចជាថ្នាលទាំងអស់ ត្រូវបន្ដខិតខំស្វែងយល់បន្ថែមទៀត លើបច្ចេកទេស ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការដណ្ដើមជយលាភី លើកកម្ពស់កេរ្ដិ៍ឈ្មោះ និងកិត្តិយសជូនក្លិប និងប្រទេសជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលនៅសល់ពេលជាង ៨០ថ្ងៃទៀតតែម្ដង។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបច្ចេកទេស នៃការប្រកួតប្រចាំឆ្នាំខាងលើ ក្នុងចំណោម ២១សមាគម/ក្លិបចូលរួម គឺក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៩គ្រឿង មានមេដាយមាស ១០, ប្រាក់ ៥ និងសំរឹទ្ធ ៤ គ្រាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ១៣គ្រឿង មានមេដាយមាស ៦, ប្រាក់ ១ និងសំរឹទ្ធ ៦ និងក្លិបហនុមាន ឈរលេខ៣ ឈ្នះមេដាយសរុប ២២គ្រឿង មានមេដាយមាស ៥, ប្រាក់ ៩ និងសំរឹទ្ធ ៨គ្រឿង៕