(សៀមរាប)៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៅកម្ពុជាដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គា។

នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន បានឱ្យដឹងថា ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឆ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង។

លោក សែន គឹមស៊ុន បានបន្តថា ក្រុមអ្នកជំនាញរបស់សារមន្ទីរបានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវ ដើម្បីថែទាំ និងការពារអភិរក្សសមុច្ច័យទាំងនោះ មិនឱ្យខូចខាតទៅតាមអាយុកាល និងពេលវេលាឡើយ បើទោះបីជាសមុច្ច័យទាំងនោះមានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។

នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានបន្តថា ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ១ឆ្នាំ ឬ២ឆ្នាំ ហើយពេលវាខូចត្រូវបោះចោលនោះទេ គឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ក្នុងការថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។

លោក សែន គឹមស៊ុន បន្តទៀតថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានគោលការណ៍ពីរក្នុងការអភិរក្សផលិតផលសូត្រទាំងនោះឱ្យបានយូរអង្វែង គឺត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់នៅមុនពេលខូចខាត ដោយគិតពីបច្ចេកទេស តាំងតែពីការរៀបចំដាក់តាំងដើម្បីកុំឱ្យប៉ះពាល់ដល់សមុច្ច័យ ដូចជាការព្យួរ និងដាក់ក្នុងទូជៀសវាងសមុច្ច័យទាំងនោះកុំឱ្យទៅប៉ះផ្ទាល់ជាមួយដែក ឬឈើ ដែលអាចនាំឱ្យមេ ឬសត្វល្អិតស៊ី និងធ្វើឱ្យកកិតជាដើម។ រៀងរាល់ព្រឹកត្រូវបើកបង្អូចនិងទ្វារក្នុងរយៈពេលខ្លី កុំឱ្យមានក្លិនផ្អួរនៅក្នុងសាលពិព័រណ៍នីមួយៗ សម្អាតកម្រាល និងជើងទម្រជាប្រចាំ ផ្លាស់ប្តូរទីតាំងជើងទម្រ ដើម្បីសម្អាតជៀសវាងមានធូលីកុំឱ្យមានសត្វល្អិត ឬធូលីដិតជាប់វត្ថុទាំងនោះអាចនាំឱ្យមានបញ្ហាដល់សមុច្ច័យបាន។ ដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមជ្រុង និងទ្វារនៃសាលពិព័រណ៍ និងដាក់របាំងការពារសត្វកណ្តុរ។ ចំណុចយកចិត្តទុកដាក់មួយទៀត គឺនៅពេលដែលសមុច្ច័យខូចខាត គឺត្រូវជួសជុលភ្លាមៗទៅតាមបច្ចេកទេស ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញឱ្យចេះពីវិធីជួសជុល និងសង្រ្គោះផលិតផលទាំងនោះឱ្យរួចផុតពីហានិភ័យ។

លោក សែន គឹមស៊ុន បានបន្ថែមថា ទាក់ទងនឹងសាលសម្រាប់ដាក់តាំងពិព័ណ៍ទៀតសោត ក៏ត្រូវគ្រប់គ្រងពន្លឺអំពូលភ្លើងឱ្យបានសមស្រប ជៀសវាងការហើរពណ៌របស់ផលិតផល។ ម្យ៉ាងវិញទៀត ការកំណត់សីតុណ្ហភាពរឹតតែសំខាន់ ដោយនៅគ្រប់សាលពិព័រណ៍ គឺទាមទារឱ្យមានឧបករណ៍សម្រាប់វាស់សីតុណ្ហភាពជាប្រចាំសម្រាប់ពិនិត្យតាមដាន កំណត់កម្តៅត្រឹម៣០អង្សា និងសំណើម៦៥ភាគរយ។

មន្ត្រីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីរូបនេះបានឱ្យដឹងទៀតថា ដើម្បីសុវត្ថិភាពក្នុងការថែរក្សាផលិតផលទាំងនោះឱ្យបានយូរអង្វែង សារមន្ទីរក៏មានដាក់បម្រាមសម្រាប់ភ្ញៀវដែលចូលមកទស្សនាទាំងឡាយ ហាមយកចំណីអាហារ និងភេសជ្ជៈចូល ហាមប៉ះ ឬស្ទាបជាដើម ដែលអាចនឹងនាំមកនូវហានិភ័យផ្សេងៗលើសមុច្ច័យ៕