(សៀមរាប)៖ ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរបានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួតដែលទើបជួសជុលរួច។
ស្រះទន្លេស្ងួតមានបណ្តោយប្រវែង៨០០ម៉ែត្រ និងទទឹងប្រវែង៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវត្សរ៍មកហើយនោះ ហើយដោយសារមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាទើបតែបានបញ្ចប់ការស្តារ ជួសជុលទំនប់ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណរបស់សម័យអង្គរទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញបានប្រមាណ៧៥ម៉ឺនម៉ែត្រគូប។
ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រនៅតំបន់ទន្លេស្ងួតឱ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះនៅក្នុងតំបន់អង្គរ ប្រយោជន៍ ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូលមិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណានានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផងសម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផង៕