(បរទេស)៖ ប្រភពពីសារព័ត៌មាន Kyodo News បានរាយការណ៍នៅពេលថ្មីៗនេះថា រដ្ឋាភិបាលប្រទេសជប៉ុនកំពុងរៀបចំផែនការដាក់កំហិតការនាំចេញលើម៉ាស៊ីនផលិតបន្ទះឈីប (semiconductor) កម្រិតខ្ពស់ទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៣។

ប្រភពដដែលបានបន្ថែមទៀតថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីកិច្ចព្រមព្រៀងដែលដឹកនាំដោយសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងហូឡង់ ដើម្បីកំណត់ការអភិវឌ្ឍន៍នៃឧស្សាហកម្ម semiconductor កម្រិតខ្ពស់របស់ប្រទេសចិន។ តាមរយៈបទបញ្ញត្តិថ្មី រដ្ឋាភិបាលមានបំណងដាក់ចេញនូវវិធានការថ្មីឱ្យបានកាន់តែឆាប់នៅប៉ុន្មានខែខាងមុខនេះ ដើម្បីផ្លាស់ប្តូរច្បាប់ទាក់ទងនឹងការនាំចេញផលិតផល និងបច្ចេកវិទ្យាមួយចំនួន ក្រោយពីប្រទេសជប៉ុនធ្វើវិសោធនកម្មច្បាប់ប្តូរប្រាក់បរទេស។

បើយោងតាមរបាយការណ៍ចេញផ្សាយកាលពីខែមករា ប្រទេសជប៉ុនបានចេញការហាមឃាត់រួចទៅហើយ ក្នុងការបញ្ឈប់ការនាំចេញឧបករណ៍ផលិត semiconductor ដែលផលិតដោយក្រុមហ៊ុន Nikon Corp (7731.T) និង ASML Holdings (ASML.AS)៕