(ភ្នំពេញ)៖ ឧបករណ៍ «កីតម្បាញ» ដែលជាឧបករណ៍បុរាណមួយ មានមហាជនខ្លះបានស្គាល់ និងខ្លះទៀតមិនដែលបានស្គាល់ ជាពិសេសយុវវ័យជំនាន់ក្រោយៗ ត្រូវបានដាក់តាំងបង្ហាញ នៅក្នុងពិធីបើកសម្ពោធភាពយន្តថ្មីមួយ របស់ផលិតកម្មហង្សមាស មានចំណងជើងថា «ម្ចាស់កីតម្បាញ» ដែលជាភាពយន្តបែបបុរាណ បរិយាយពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងសម័យលង្វែក និងបង្ហាញពីប្រវត្តិសាស្ត្រទាក់ទងនឹងការផលិតសូត្ររបស់ខ្មែរ។

ពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ រឿង «ម្ចាស់កីតម្បាញ» បានប្រព្រឹត្តឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីល្បីៗ និងមហាជនរាប់រយនាក់ នៅ ហង្សមាស Palace ក្នុងផ្សារទំនើបអ៊ីអនសែនសុខស៊ីធី កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ពិធីបើកសម្ពោធនេះ ត្រូវបានគេចាត់ទុកថា ជាព្រត្តិការណ៍ដ៏អស្ចារ្យ និងល្អបំផុត សម្រាប់ការបើកបង្ហាញភាពយន្តភាគខ្មែរ ដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសជារឿងដែលបង្ហាញពីក្នុងសម័យកាលប្រវត្តិសាស្រ្តខ្មែរ គឺក្នុងសម័យលង្វែកទៀតផង។

ងាកក្រឡេកមើលភ្ញៀវកិត្តិយស ដែលបានចូលរួមឃើញថា ពិតជាអស្ចារ្យ គឺមានវត្តមានសុទ្ធតែតារាល្បីៗ ក្នុងប្រទេសកម្ពុជាតែម្តង ហើយការរៀបចំទៀតសោត គឺពិតជាប្លែកភ្នែក និងទាក់ចំណាប់អារម្មណ៍មែនទែន ដែលមានការដាក់តាំងបង្ហាញនូវឧបករណ៍ «កីតម្បាញ» ឧបករណ៍ និងវិធីសាស្រ្តក្នុងការផលិតសូត្រជាដើម។

ក្រៅពីតារាសម្តែងក្នុងរឿង និងវត្តមានអ្នកសិល្បៈល្បីៗជាច្រើនរូបហើយនោះ ក្នុងកម្មវិធីក៏មានការសម្តែងពិសេស ពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរ ដែលបានបកស្រាយផ្ទាល់នូវបទចម្រៀងប្រកបក្នុងរឿង «ម្ចាស់កីតម្បាញ» នេះផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុក បានផលិតរឿងភាគខ្មែរដ៏មានគុណភាពជាច្រើនប្រភេទ និងមានប្រភេទសម័យកាលជាច្រើនខុសគ្នាមកហើយ, ហើយសម្រាប់រឿង «ម្ចាស់កីតម្បាញ» គឺជាប្រភេទរឿងដែលចង់បង្ហាញពីសម័យលង្វែកថា នាសម័យនោះមនុស្សរស់នៅដោយគន្លងបែបណា ជាមួយនិងការដាក់បញ្ចូលនៅឧបករណ៍បុរាណ ដែលជារបស់ខ្មែរពិតៗគឺ «កីតម្បាញ»

សូមរង់ចាំទស្សនាទាំងអស់គ្នា ខណៈភាពយន្តរឿង «ម្ចាស់កីតម្បាញ» មានចាក់បញ្ចាំងជូនទស្សនា ចាប់ពីថ្ងៃនេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង៨-៩យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕