(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈនេះ កម្ពុជានៅសល់ ៨៨ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ទន្ទឹមជាមួយគ្នា គេឃើញមានក្រុមហ៊ុនឯកជនជាច្រើន បានចាប់អារម្មណ៍ និងឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងអំពាវនាវគ្រប់វេទិការ ធ្វើឲ្យគុណតម្លៃព្រឹត្តិការណ៍នេះ កាន់តែរីកធំឡើងៗ និងមទាក់ទាញកាន់តែខ្លាំង ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីលោក បានធ្វើការចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុន Ajinomoto ក្នុងនាមដៃគូឧបត្ថម្ភធំផ្លូវការ (Premium Partner) ដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

លោកបន្ដថា «ព្រឹត្តិការណ៍របស់យើងកាន់តែល្បី កាន់តែមានប្រជាប្រិយ ហើយការផ្សព្វផ្សាយរបស់យើង ក៏កាន់តែទូលំទូលាយ ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី តែងតែអំពាវនាវដល់ការគាំទ្រការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើង គ្រប់វេទិកាទាំងអស់ ដែលធ្វើឲ្យគុណតម្លៃ ឬការរៀបចំព្រឹត្តិការណ៍របស់យើង កាន់តែរីកធំឡើងៗ និងភាពទាក់ទាញខ្លាំង ក្នុងបណ្ដាញសារព័ត៌មាន ក៏ដូចជាបណ្ដាញសង្គមជាដើម» ។

ការណ៍នេះ បានធ្វើឲ្យវិស័យឯកជនជាច្រើន បានចាប់អារម្មណ៍ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ជាក់ស្ដែងគិតត្រឹមពេលនេះ មានក្រុមហ៊ុន ៤ ហើយ ដែលបានឧបត្ថម្ភធំ រួមមានធនាគារ ABA (វិស័យហេរញ្ញវត្ថុ និងធនាគារ), AIA (វិស័យធានារ៉ាប់រងអាយុជីវិត) និងក្រុមហ៊ុន FBT ដែលផ្ដល់ការឧបត្ថម្ភសម្លៀកបំពាក់រាប់ម៉ឺនសម្រាប់ដល់ដំណើរការរៀបចំ និងចុងក្រោយ គឺក្រុមហ៊ុន Ajinomoto ។ លើពីនេះ ក៏មានក្រុមហ៊ុនច្រើនទៀត កំពុងចរចាគ្នា និងឈានដល់ការព្រមព្រៀងក្នុងពេលឆាប់ៗដែរ ដូចជាក្រុមហ៊ុនភេសជ្ជៈ និងក្រុមហ៊ុនសេវាកម្មផ្សេងៗជាដើម ។

តាមរយៈការចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុន Ajinomoto នេះដែរ លោកបានបង្ហាញសុទិដ្ឋិនិយមថា «ការចុះហត្ថលេខានេះ គឺជាការទាក់ទាញមួយដល់ក្រុមហ៊ុនជប៉ុនច្រើនទៀត ដែលចង់ធ្វើការឧបត្ថម្ភគាំទ្រដល់ដំណើរការ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង ។ យើងក៏សូមអំពាវនាវដល់ក្រុមហ៊ុនធំៗដទៃទៀត បន្ទាប់ពីយើងមានក្រុមហ៊ុនជប៉ុនធំមួយមានជំនឿជាក់ហើយ អ៊ីចឹងក្រុមហ៊ុនផ្សេងៗ ក៏អាចធ្វើការផ្ដល់នូវកិច្ចសហការ និងឧបត្ថម្ភដល់ការរៀបចំការប្រកួតរបស់យើងដែរ»

«ការប្រកួតកីឡាធំៗ ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនធំៗ គឺជាការរំលេចនូវសាមគ្គីភាពរបស់វិស័យឯកជន ជាមួយព្រឹត្តិការណ៍ ក៏ដូចជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកគ្នាធ្វើឲ្យគុណតម្លៃរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង កាន់តែធំ កាន់តែមានភាពអស្ចារ្យក្នុងការធ្វើម្ចាស់ផ្ទះ ។ នេះគឺជាចំណុចសំខាន់» ។ លោក វ៉ាត់ ចំរើន បន្ថែម ។

ក្នុងនាមដៃគូឧបត្ថម្ភ Premium Partner ខាងលើ គណៈកម្មាធិការជាតិ CAMSOC បានចាត់ទុកក្រុមហ៊ុន Ajinomoto គឺជាចំណែកមួយដ៏សំខាន់ សម្រាប់ការទទួលខុសត្រូវ និងជាការចែករំលែកវិភាគទានដល់ការងារកីឡា ក៏ដូចជាការងារសង្គម ដែលជួយសម្រាលបន្ទុកនៃការចំណាយលើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ស្របតាមគោលការណ៍ «សន្សំសំចៃ តែធ្វើឲ្យអស្ចារ្យ» មានន័យថា ការសន្សំសំចៃក្នុងកម្រិតមួយ ដែលអាចទទួលយកបាន ហើយក៏ត្រូវខិតខំស្វែងរកការឧបត្ថម្ភគាំទ្របន្ថែមផងដែរ ៕