(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៩ នឹងផ្តល់ឱកាសការងារសរុបចំនួន៨៥០កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុនធំទាំង៩ៗ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ក្រុមហ៊ុនផ្សារទំនើបម៉ាក្រូ, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន GOODHILL, MR Training, VE (Cambodia) Ltd., ក្រុមហ៊ុន មេហ្គ អាសិត មេនេចមេន, ម៉ាស្ទ័រស៊ុគីស៊ុប, ក្រុមហ៊ុន CMED Construction Co.,Ltd, និងក្រុមហ៊ុនMinebeaMitsumi។ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀន នៃផ្សារទំនើបម៉ាក្រូ បានលើកឡើងថា លោកស្រីពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA ក្នុងថ្ងៃទី០៩ ខែកុម្ភៈខាងមុខនេះ។ លោកស្រីបន្តថា ដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្ន ផ្សារទំនើបម៉ាក្រូ នឹងនាំយកឱកាសការងារជាច្រើនកន្លែងគ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារឲ្យមានឱកាសជួបសម្ភាសការងារផ្ទាល់។ លោកស្រីបន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់របស់ផ្សារទំនើបម៉ាក្រូ នឹងធ្វើឲ្យផ្សារទំនើបម៉ាក្រូ កាន់តែមានតម្រូវការកម្លាំងពលកម្មក៏កាន់តែច្រើន ហេតុនេះហើយការបន្តកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារក៏មិនអាចខ្វះបាននោះដែរ។

ប្រធានផ្នែកសម្ភាសរូបនេះជឿជាក់ថា NEA នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍលើការផ្សព្វផ្សាយឲ្យកាន់ទូលំទូលាយថែមទៀត ពីឱកាសការងារដល់ដៃគូសហការ សកលវិទ្យាល័យ វិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលនានា ក្នុងការជំរុញ និងលើក ទឹកចិត្តដល់សិស្ស និស្សិតឲ្យមានភាពក្លាហាន និងទំនុកចិត្ត ក្នុងការដាក់ពាក្យ និងមកចូលរួមសម្ភាសការងារ។

វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់ នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺកូវីដ១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕