(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់បើកសម្ពោធរួមគ្នានូវ «មជ្ឈមណ្ឌលបទ ពិសោធន៍ឌីជីថល នៃក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខម» ដែលនេះជាលើកទីមួយ ហើយដែលអតិថិជនអាចទទួលបានផលិតផល និងសេវាកម្មទាំងទូរស័ព្ទចល័ត និងអ៊ីនធឺណិតរបស់ក្រុមហ៊ុនទាំងពីរនៅទីតាំងតែមួយ។

មជ្ឈមណ្ឌលទាំងពីរទីតាំង ដែលបានបើកសម្ពោធឲ្យដំណើរការនៅថ្ងៃនេះ ស្ថិតនៅក្នុងទីប្រជុំជននៃក្រុងតាខ្មៅ ខេត្តកណ្តាល និងស្ថិតនៅកណ្តាលក្រុងសៀមរាម ទីរួមខេត្តសៀមរាប។

មជ្ឈមណ្ឌលបទពិសោធន៍ឌីជីថល នៃក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខមទាំងពីរទីតាំងបានរចនាយ៉ាងទំនើប សោភ័ណភាពប្រកបដោយភាព ថ្លៃថ្នូរ កន្លែងចតយានយន្តធំទូលាយ កន្លែងរង់ចាំប្រកបដោយផាសុកភាព និងបញ្ជរសេវាកម្មដ៏ប្រណិត។ ការតុបតែងខាងក្នុងមានសភាពភ្លឺ ស្អាត ធំទូលាយល្អ ដែលរចនាឡើងដើម្បីបំពេញតម្រូវការអតិថិជន ជួយឲ្យអតិថិជនមានភាពងាយស្រួល និងរីករាយ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។

ជាមួយនឹងបុគ្គលិកពេញម៉ោងច្រើនជាង២០នាក់ ដែលរង់ចាំបម្រើអតិថិជនមជ្ឈមណ្ឌលថ្មីទាំងពីរ ទីតាំងត្រូវបានបំពាក់ដោយបរិក្ខារទំនើប ដែលអាចផ្តល់ជូនអតិថិជនគ្រប់សេវាកម្មដោយមានការរំពឹងទុកយ៉ាងមុតមាំពីសាខាក្រុមហ៊ុនអ៊ីហ្ស៊ីខម និងក្រុមហ៊ុនសែលកាត ដែលរួមមានដូចជា សេវាគាំទ្រអតិថិជនទូទៅ, ការទូទាត់វិក្កយបត្រ, ការចុះឈ្មោះអតិថិជនថ្មី, ការដោះស្រាយបញ្ហាបច្ចេកទេស និងសេវាកម្មពិសេសផ្សេងៗទៀត។ ជាមួយនឹងការរៀបចំឲ្យមានបុគ្គលិកសេវាអតិថិជនពីក្រុមហ៊ុនទូរស័ព្ទចល័ត និងក្រុមហ៊ុនអ៊ីនធឺណិត ក្នុងទីតាំងតែមួយបែបនេះរាល់ បញ្ហារបស់អតិថិជនពាក់ព័ន្ធការតភ្ជាប់ គឺអាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធខ្ពស់ជាងមុន។

លោក Simon Perkins អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបញ្ជាក់ថា «កិច្ចសហការរវាង ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម គឺជាឱកាសដ៏ល្អសម្រាប់អតិថិជនស្វែងយល់បន្ថែមអំពីសេវាកម្ម ពាក់ព័ន្ធនឹងការតភ្ជាប់ ដែលផ្តល់ជូនដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទាំងមូល។ មជ្ឈមណ្ឌលបទពិសោធន៍ អតិថិជនថ្មី នៅក្រុងតាខ្មៅ និងខេត្តសៀមរាប នឹងដើរតួជាកន្លែងផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្ម ក៏ដូចជា ផ្តល់ដំណោះស្រាយនានា, សម្រាប់តម្រូវការពាក់ព័ន្ធសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិតសម្រាប់ការ, ប្រើប្រាស់ផ្ទាល់ខ្លួនប្រើប្រាស់ក្នុងគេហដ្ឋាន និងសម្រាប់អាជីវកម្មក្នុងកន្លែងតែមួយ។ ប្រាកដណាស់មជ្ឈមណ្ឌល ថ្មីទាំងពីរនឹងផ្តល់ជូនអតិថិជនរបស់យើងទាំងអស់ នូវភាពងាយស្រួល និងបទពិសោធន៍ជាមួយប្រេនពីរក្នុង ពេលតែមួយ គឺសែលកាត និងអ៊ីហ្ស៊ីខម។ យើងពិតជាមានក្តីរំភើបរីករាយ ក្នុងការសម្ពោធមជ្ឈមណ្ឌលទាំងពីរ ទីតាំងហើយយើងរង់ចាំស្វាគមន៍ និងបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ»។

លោក Asitha De Costa នាយកផ្នែកព័ត៌មានវិទ្យា (CIO) នៃក្រុមហ៊ុនអ៊ីហ្ស៊ីខម ក៏បានសម្តែងក្តីរំភើបរីករាយ ចំពោះពិធីសម្ពោធមជ្ឈមណ្ឌលទាំងពីរនេះដូចគ្នា ហើយលោកបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់វាក៏ដូចជា អត្ថប្រយោជន៍សម្រាប់អតិថិជន និងក្រុមហ៊ុនទាំងពីរ។

លោក Asitha De Costa បានគូសបញ្ជាក់ថា «យើងមានក្តីរំភើបរីករាយ ដោយបានចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងសារដ៏រឹងមាំជូនអតិថិជន តាមរយៈការសម្ពោធមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មី នៃក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខមចំនួនពីរទីតាំងស្ថិតក្រុងតាខ្មៅ និងខេត្តសៀមរាប។ នេះគ្រាន់តែជាដំណាក់កាលចាប់ផ្តើម នៃការរៀបចំមជ្ឈមណ្ឌលដ៏ពិសេសទាំងនេះ ដែលមានគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ ដ៏អស្ចារ្យជាមួយក្រុមហ៊ុនទាំងពីរ»។

លោកបន្ដថា មជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីទាំងនេះ ត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពរឹងមាំ នៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅក្នុងគ្រួសាររ៉ូយាល់គ្រុប ដែលជាការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទាំងពីរបន្ថែមទៀត ស្របពេលដែលយើងចាប់ដៃគ្នា សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដ៏ទៃទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើងក្នុងការពន្លឿន សេដ្ឋកិច្ច និងសង្គមឌីជីថលដែលរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។

ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ រាល់អតិថិជនថ្មីដែលចុះឈ្មោះប្រើប្រាស់សេវាកម្ម អ៊ីនធឺណិតណាមួយក៏បានរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅទីតាំងថ្មីទាំងពីរកន្លែងនឹងមានឱកាសចូលរួមចាប់រង្វាន់ ក្នុងកម្មវិធីដ៏ពិសេសរបស់យើងដែលអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន។ ដូច្នេះសូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុនអ៊ីហ្ស៊ីខម និងក្រុមហ៊ុនសែលកាត បានសហការគ្នាយ៉ាងជិតស្និទ្ធលើ គម្រោងជាច្រើន ដែលបង្កើតឱកាស និងលទ្ធផលជាវិជ្ជមានថ្មីៗក្នុងវិស័យសេវាកម្មឌីជីថលក៏ដូចជា បានលើកកម្ពស់សហគមន៍ និងដៃគូជាច្រើនផងដែរ។

កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម បានរួមគ្នាសហការឧបត្ថម្ភ និងចូលរួមក្នុងសន្និសីទ ស្តីពីការធ្វើកោសល្យវិច័យឌីជីថល ដែលរៀបចំឡើងដោយអង្គភាពការពារកុមារ និងនគរបាលជាតិកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត និងអក្ខរកម្មឌីជីថល។ ក្រុមហ៊ុនទាំងពីរ ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត នៃគ្រួសាររ៉ូយ៉ាល់គ្រុប នឹងបង្កើតគំនិតផ្តួចផ្តើម និងកិច្ចសហការរួមគ្នាជាច្រើនបន្ថែមទៀត ក្នុងទស្សនវិស័យជំរុញសេដ្ឋកិច្ចឌីជីថល និងពន្លឿនការអភិវឌ្ឍឧស្សាហកម្ម៤.០ នៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីទាំងពីរទីតាំង សេវាកម្មផ្តល់ជូន និងប្រូម៉ូសិនចាប់រង្វាន់ជាដើម សូមអតិថិជនអញ្ជើញមកកាន់ទីតាំងមជ្ឈមណ្ឌលក្នុងក្រុងតាខ្មៅ ស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ១០៧ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទីតាំងមជ្ឈមណ្ឌលក្នុងក្រុងសៀមរាប ស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៦អា ភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។

អតិថិជនក៏អាចរស័ព្ទមកលេខ ០១២ ៨១២ ៨១២ (ក្រុមហ៊ុនសែលកាត) ឬចូលទៅកាន់គេហទំព័រ www.cellcard.com.kh ក៏ដូចជាហៅទូរស័ព្ទទៅលេខ ០៨៥ ៨៨៨ ១៨១ (ក្រុមហ៊ុនអ៊ីហ្ស៊ីខម) ឬចូលទៅកាន់គេហទំព័រ www.ezecom.com.kh សម្រាប់ព័ត៌មានលម្អិត៕