(ភ្នំពេញ)៖ Zuellig Pharma ដែលជាក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពដ៏ធំជាងគេមួយ ក្នុងចំណោមក្រុមហ៊ុនធំៗជាងគេនៅអាស៊ី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រារព្ធពិធីបើកការិយាល័យថ្មីរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយបានប្រមូលផ្តុំបុគ្គលិកទាំងអស់មកពីបីទីតាំងផ្សេងគ្នា ក៏ដូចជា ក្រុមហ៊ុនឱសថដ៏ទៃទៀតដែលស្ថិតនៅក្រោមកាចែកចាយរបស់ខ្លួន ឲ្យនៅក្រោមដំបូលតែមួយដើម្បីធ្វើឲ្យការចូលរួមនិងកិច្ចសហការកាន់តែប្រសើរឡើង។

ពិធីសម្ពោធការិយាល័យថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងមានការចូលរួមពីតំណាងមកពី Eurocham Cambodia ក្រុមហ៊ុនឱសថនិងថែទាំសុខភាពមួយចំនួនក្នុងប្រទេស ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Zuellig Pharma, លោក John Graham ។

«ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយនៅឥណ្ឌូចិនសម្រាប់ក្រុមហ៊ុន Zuellig Pharma ហើយយើងមានសេចក្តីសោមនស្សរីករាយ ដែលបានកែលម្អការិយាល័យដើម្បីផ្តល់នូវបរិយាកាសការងារកាន់តែរីករាយ សុវត្ថិភាព និងអំណោយផលសម្រាប់បុគ្គលិកនៅទីនេះ។ នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបណ្តុះទេពកោសល្យ និងធានាបានថាពួកគេមានបទពិសោធន៍ការងារ ក្នុងពេលកំពុងចូលរួម បំពេញ និងផ្តោតលើការពង្រីកសក្តានុពលពេញលេញរបស់ពួកគេ។ វាក៏ឆ្លុះបញ្ចាំងពីការវិនិយោគជាបន្តបន្ទាប់របស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា” នេះបើតាមប្រសាសន៍របស់លោក John Graham។

ការបើកដំណើរការនេះធ្វើឡើងចំពេលមានការរីកចម្រើនយ៉ាងខ្លាំង នៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យមានអត្រាប្រើប្រាស់ការិយាល័យលើសពី១០០ភាគរយនៅឆ្នាំ 2021។

Zuellig Pharma ផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់កន្លែងថែទាំសុខភាពនៅក្នុងប្រទេស តាមរយៈការគ្រប់គ្រងផលិតផលថែទាំសុខភាពអ្នកប្រើប្រាស់ ការចែកចាយឱសថ និងវ៉ាក់សាំង សម្រាប់ក្រុមហ៊ុនផលិតឈានមុខជាច្រើន ហើយក្រុមហ៊ុនក៏បានពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារ ដោយការបង្កើនទំហំសមត្ថភាពនៃឃ្លាំងស្តុកផលិតផលត្រជាក់របស់ខ្លួន។ ក្រុមហ៊ុនបានបើកមជ្ឈមណ្ឌលចែកចាយថ្នាក់ជាតិថ្មីមួយ ដែលជាឃ្លាំងធំបំផុតមួយក្នុងចំណោមឃ្លាំងធំបំផុតនានា នៅប្រទេសកម្ពុជា មានទំហំ ៦.៣០០ ម៉ែត្រការ៉េ នៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០២១។

«ជារៀងរាល់ថ្ងៃ បុគ្គលិករបស់យើងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីធានាបាននូវការចែកចាយឱសថសំខាន់ៗ ដោយសុវត្ថិភាពដល់ប្រជាជនកម្ពុជាជំនួសអោយក្រុមហ៊ុនផលិតឱសថ និងថែទាំសុខភាពឈានមុខគេមួយចំនួនក្នុងពិភពលោក។ ដូច្នេះហើយ វាជាទំនួលខុសត្រូវរបស់យើងក្នុងការបង្កើតបរិយាកាសដ៏ល្អមួយសម្រាប់ពួកគេក្នុងការសហការ និងរួមគ្នាជាក្រុមតែមួយ ដើម្បីឱ្យពួកគេអាចបន្តធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួលសម្រាប់អ្នកដែលត្រូវការថែទាំសុខភាពច្រើនបំផុត» នេះបើតាមប្រសាសន៍ លោក Jan Rask Christensen នាយកគ្រប់គ្រងក្រុមហ៊ុន Zuellig Pharma ប្រចាំនៅ កម្ពុជានិងភូមា។

«ការិយាល័យថ្មីនេះរួមមានលក្ខណៈពិសេសដូចជាពន្លឺធម្មជាតិ រុក្ខជាតិបៃតង និងកន្លែងសម្រាប់កិច្ចប្រជុំ ការពិភាក្សាក្រៅផ្លូវការ ការសិក្សា និងការអភិវឌ្ឍន៍។ ជាមួយនឹងការិយាល័យកណ្តាលរបស់ក្រុមហ៊ុននៅកម្ពុជាស្ថិតក្នុងទីតាំងតែមួយ ឥឡូវនេះបុគ្គលិករបស់យើង អាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបានកាន់តែប្រសើរ ក៏ដូចជា ជាមួយអតិថិជនផងដែរ» នេះបើតាមប្រសាសន៏បន្ថែម។

ក្នុងនាមជាដៃគូថែទាំសុខភាពដែលគួរឱ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា អតិថិជនសំខាន់ៗមួយចំនួនរបស់ Zuellig Pharma នៅក្នុងទីផ្សារត្រូវបានសហការគ្នានៅក្នុងទីស្នាក់ការកណ្តាលថ្មីសម្រាប់កិច្ចសហការកាន់តែជិតស្និទ្ធ ។

សូមជំរាបថា ក្រុមហ៊ុន Zuellig Pharma គឺជាក្រុមហ៊ុនផ្តល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ហើយបេសកកម្មរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាពងាយស្រួលដល់សហគមន៍ដែលយើងផ្តល់សេវាកម្ម ។ យើងផ្តល់ជូននូវការចែកចាយលំដាប់ពិភពលោក សេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាព ដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។

ក្រុមហ៊ុនយើងត្រូវបានចាប់កំណើតឡើងតាំងពីមួយរយឆ្នាំមុន ហើយបានរីកចម្រើនក្លាយជាអាជីវកម្មដែលមានចំណូលជាង១៥ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្តប់ទីផ្សារចំនួន១៦ ហើយមានបុគ្គលិកជាង១៣,០០០។ បុគ្គលិករបស់យើងបម្រើសេវាកម្មជូនដល់កន្លែងថែទាំសុខភាពច្រើនជាង ៣៥០,០០០កន្លែង និងធ្វើការជាមួយអតិថិជនជាដៃគូជាង៥០០ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនឱសថឈានមុខគេទាំង២០នៅលើពិភពលោក៕