(បរទេស)៖ ក្រោយពេលមានការស្នើសុំឱ្យមានការហាមឃាត់កម្មវិធី TikTok នៅលើទឹកដីសហរដ្ឋអាមេរិកជាច្រើននោះ នៅពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញមុខមកបញ្ជាក់ថា អាមេរិកនៅមិនទាន់មាន​គោល​ការណ៍ក្នុងការហាមឃាត់ TikTok ជាផ្លូវការនោះទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយនៅដើមសប្ដាហ៍នេះថា «ខ្ញុំមិនប្រាកដទេ។ ខ្ញុំដឹងថា ខ្ញុំមិនមានវា (TikTok) នៅលើទូរស័ព្ទរបស់ខ្ញុំទេ»

រដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកបាននិយាយថាខ្លួន បានធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំដល់បុគ្គលិករបស់ខ្លួន ដើម្បីរារាំងបុគ្គលិករដ្ឋពីការប្រើប្រាស់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងការចូលប្រើកម្មវិធីដែលគ្រប់គ្រងដោយចិន។ ដោយឡែកកាលពីសប្តាហ៍មុន អភិបាលរដ្ឋ Wisconsin, North Carolina, Ohio, New Jersey និងរដ្ឋ Arkansas ក៏ទើបតែចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាលផងដែរ។

តាមបណ្តាលរដ្ឋមួយចំនួន មិនត្រឹមតែមានការហាមប្រាមទៅលើកម្មវិធី TikTok ប៉ុណ្ណោះទេ តួយ៉ាងដូចជារដ្ឋ New Jersey និង Wisconsin ក៏កំពុងហាមឃាត់អ្នកលក់កម្មវិធី ផលិតផល និងសេវាកម្មពីក្រុមហ៊ុនចិនផ្សេងទៀត រួមមាន Huawei, Hikvision , Tencent Holdings LTD , ZTE Corporation និង Kaspersky Lab។ ដោយឡែកការអំពាវនាវដើម្បីហាមឃាត់ TikTok ពីឧបករណ៍របស់រដ្ឋាភិបាលបានឡើងកំដៅបន្ទាប់ពីលោក Christopher Wray នាយក FBI របស់សហរដ្ឋអាមេរិកបាននិយាយកាលពីខែវិច្ឆិកាថាវាបង្កហានិភ័យសន្តិសុខជាតិ។

នៅប៉ុន្មានថ្ងៃមុននេះ លោក Michael Bennet សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Colorado Democratic បានហៅ TikTok ថាជា «ការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក» ព្រមទាំងបានជំរុញឱ្យមានការ​​ហាមឃាត់ការប្រើកម្មវិធី TikTok ជាផ្លូវការ។

លោក Michael Bennet ក៏បានអំពាវនាវឱ្យ Apple និង Google ដកកម្មវិធី TikTok ចេញពី​ Store របស់ពួកគេ ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិផងដែរ ខណ:ដែលរដ្ឋធំៗជាច្រើនរបស់សហរដ្ឋអាមេរិកចូលរួមយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល។

អស់រយៈពេល ៣ឆ្នាំមកនេះ TikTok បាននិងកំពុងស្វែងរកការធានាដល់ទីក្រុងវ៉ាស៊ីនតោនថាទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកមិនអាចចូលប្រើប្រាស់បានទេ ហើយខ្លឹមសាររបស់វាមិនអាចត្រូវបានរៀបចំដោយបក្សកុម្មុយនិស្តចិន ឬអង្គភាពណាមួយដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ទីក្រុងប៉េកាំងនោះទេ៕