(បរទេស)៖ ក្រុមបាល់ទាត់ Al Ahly ដែលជាក្រុមខ្លាំងរបស់ប្រទេសអេហ្ស៊ីបនោះ នឹងត្រូវប៉ះក្រុមជើងឯកអឺរ៉ុប Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup 2023 ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍ក្នុងប្រទេសម៉ារ៉ុក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈនេះថា កីឡាករខ្សែបម្រើប្រយុទ្ធ Mohamed Afsha ជាអ្នករកបានគ្រាប់ជ័យជម្នះ ១ទល់នឹង០ ឲ្យក្រុម Al Ahly លើគូប្រជែង Seattle Sounders របស់អាមេរិកពីក្នុងវគ្គ ៨ក្រុមដែលធ្វើឲ្យពួកគេ (Ahly) ឈានទៅវគ្គ ៤ក្រុមជាលើកទី៣ ជាប់ៗគ្នា ក្នុងចំណោមលេងពាន Club World Cup ចំនួន ៥លើកមកនេះ។

នេះមានន័យថា ក្រុមរហស្សនាម «បិសាចក្រហម Al Ahly» ត្រូវតតាំងជាមួយក្រុមជើងឯក FIFA Club World Cup ៤សម័យកាល Real Madrid ក្នុងការប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត។

អតីតក្រុមជើងឯកពានប្រចាំទ្វីបអាហ្រ្វិក ១០លើកមកនេះ ក៏បានបញ្ចប់ដោយចំណាត់ថ្នាក់លេខ៣ កាលពីលេងពាន Club World Cup ក្នុងឆ្នាំ២០០៦ ២០២០ និងចុងក្រោយក្នុងឆ្នាំ២០២១។ ពួកគេបានចាញ់ Bayern Munich ក្នុងឆ្នាំ២០២០ និងចាញ់ Palmeras នៃឆ្នាំ២០២១។ Ahly នឹងក្លាយជាបេក្ខភាពឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ប្រសិនបើអាចយកឈ្នះ Real Madrid របស់អេស្ប៉ាញ ដែលជាជើងឯក UEFA Champions League ឆ្នាំ២០២២ នោះ។

១ប្រកួតទៀតក្នុងវគ្គ ៤ក្រុមដូចគ្នា គឺជាការជួបគ្នារវាងក្រុម Flamengo ប៉ះ Al Hilal នាម៉ោង ០២៖០០នាទីយប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា)៕