(បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា Apple កំពុងស្ថិតក្នុងការពិចារណានាំយកម៉ូដែល Ultra ដែលមានតម្លៃថ្លៃទៅកាន់ត្រកូល iPhone របស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ Samsung ក៏កំពុងតែប្រើប្រាស់ម៉ូដែលនេះ ជាប្រភេទស្មាតហ្វូនស៊េរីខ្ពស់របស់គេផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GMSArena នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពពីលោក Gurman ដដែលបានឱ្យបន្ថែមទៀតថាម៉ូដែល Ultra នឹងក្លាយជាម៉ូដែលទី ៥របស់ Apple បន្ទាប់ពីស្មាតហ្វូនម៉ូដែលធម្មតា, Plus, Pro និង Pro Max បច្ចុប្បន្ន។ លើសទៅទៀតបើនិយាយពីតម្លៃ iPhone ម៉ូដែលថ្មីនេះវិញទំនងជាមិនខុសពីរាល់ឆ្នាំនោះទេ ដែល Apple តែងតែធ្វើការតម្លើងថ្លៃស្ទើតែគ្រប់ម៉ូដែលថ្មីៗរបស់ខ្លួនចាប់តាំងពី iPhone X ឆ្នាំ២០១៧ មកម្លេះ ដូច្នេះសម្រាប់ម៉ូដែល Ultra ថ្មីនេះត្រូវបានគេរំពឹងថាវានឹងចេញមកជាមួយតម្លៃថ្លៃជាងបើធៀបទៅនឹងម៉ូដែល Pro ឬ Pro Max។

ដោយឡែកសម្រាប់ឈ្មោះ Ultra នេះមិនមែនជាលើកដំបូងនៅក្នុងផលិតផលរបស់ Apple នោះទេ ជាក់ស្តែងក្រុមហ៊ុននេះបានប្រើប្រាស់ម៉ាកយីហោ Ultra រួចទៅហើយសម្រាប់ដំណើរការបន្ទះឈីប M1 ដែលមានអនុភាពខ្លាំង និង Apple Ultra Watch របស់ខ្លួន។

តែយ៉ាងណាជុំវិញការបន្ថែមម៉ូដែលថ្មីទៅកាន់ត្រកូល iPhone នេះ Apple នៅមិនទាន់ចេញព័ត៌មានលម្អិតនោះទេ ប៉ុន្តែប្រភពពីលោក Gurman ដដែលបានគូសបញ្ជាក់ថា ម៉ូដែលថ្មីនេះទំនងជាចេញមកជាមួយនឹងជំនាន់ iPhone 16 ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងសមត្ថភាពខ្លាំងជាងមុន កាមេរ៉ារួមទាំងដំណើរការលឿនជាងម៉ូដែល Pro Max និងអេក្រង់ធំជាងមុនថែមទៀតផង៕