(បរទេស)៖ ក្រុមចម្រៀងបុរសដ៏ល្បីល្បាញប្រចាំវិស័យ K-POP គឺ BTS បានបរាជ័យក្នុងការដណ្តើមពានរង្វាន់នៅក្នុងកម្មវិធី «Grammy Awards» បើទោះបីជាក្រុមនេះទទួលបានការតែងតាំង សម្រាប់ពានរង្វាន់ឲ្យមានសិទ្ធចូលរួមក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreatimes នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាការពិត BTS ត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់ «Best Pop Performance» សម្រាប់បទចម្រៀង «My Universe» ដែលសហការជាមួយក្រុមតន្ត្រីរ៉ុកអង់គ្លេស Cold Play។ ប្រភេទមួយទៀត ដែលក្រុមត្រូវបានតែងតាំងគឺពានរង្វាន់ «Best Music Video» សម្រាប់ MV ចម្រៀងដែលមានចំណងជើងថា «Yet To Come»។ តែយ៉ាងណា ក្រុមនេះមិនបានទទួលពានរង្វាន់ទាំងពីរនេះទេ។

ផ្ទុយទៅវិញ សម្រាប់ពានរង្វាន់ «Best Music Video» គឺបានទៅលើតារាចម្រៀង Taylor Swift សម្រាប់បទចម្រៀង «All Too Well» ជាប្រភេទភាពយន្តខ្លីរបស់នាង ក៏ដូចជាប្រភេទពានរង្វាន់ the Group/duet performance បានទៅលើតារាចម្រៀង Sam Smith និង Kim Petras សម្រាប់បទល្បី Unholy ប្រចាំឆ្នាំរបស់ពួកគេ។

គួរជម្រាបថា ក្រុមចម្រៀង K-POP បុរស BTS បានចូលរួមសម្តែងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ក្នុងរយៈពេល៤ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ២០២២។ ទោះបីមិនបានទទួលពានរង្វាន់ក្តី ក៏ប៉ុន្តែក្រុមនេះក៏ត្រូវបានគេលើកឡើងថា មានកិត្តិយសមិនធម្មតាដែរ ដែលត្រូវបានតែងតាំងសម្រាប់បេក្ខភាពរយៈពេល៣ឆ្នាំជាប់ៗគ្នាក្នុងកម្មវិធីនេះ៕