(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ ដោយមានក្រុមហ៊ុនធំៗចំនួន៩ ចូលរួមនាំយកនូវ ឱកាសការងារចំនួន ៨៥០ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ខានស្អែកនេះ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំទាំង៩ៗ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ក្រុមហ៊ុន ផ្សារទំនើបម៉ាក្រូ, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន GOODHILL, MR Training, VE(Cambodia)Ltd., ក្រុមហ៊ុន មេហ្គ អាសិត មេនេចមេន, ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន CMED Construction Co.,Ltd, និងក្រុមហ៊ុនMinebeaMitsumi ។ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន។

ជាមួយគ្នានេះដែរ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ បានលើកឡើងថា លោកស្រី ពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA ក្នុងថ្ងៃទី០៩ ខែកុម្ភៈ ខាងមុខនេះ។ លោកស្រីបន្តថា ដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្នផ្សារទំនើបម៉ាក្រូនឹងនាំយក ឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើស បុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារអោយមានឱកាសជួបសម្ភាសន៍ ការងារផ្ទាល់។

លោកស្រីបន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់របស់ផ្សារទំនើបម៉ាក្រូ នឹងធ្វើឲ្យផ្សារទំនើបម៉ាក្រូកាន់តែមានតម្រូវការ កម្លាំងពលកម្មក៏កាន់តែច្រើន ហេតុនេះហើយការបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារក៏មិនអាច ខ្វះបាននោះដែរ។ ប្រធានផ្នែកសម្ភាសន៍រូបនេះជឿជាក់ថា NEA នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើការ ផ្សព្វផ្សាយអោយកាន់ទូលំទូលាយថែមទៀត ពីឱកាសការងារដល់ដៃគូសហការ សកលវិទ្យាល័យ វិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលនានា ក្នុងការជំរុញ និងលើក ទឹកចិត្តដល់សិស្សនិស្សិតអោយមានភាពក្លាហាន និងទំនុកចិត្ត ក្នុងការដាក់ពាក្យ និងមកចូលរួមសម្ភាសន៍ការងារ។

វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សូមជម្រាបថា សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕