(បរទេស)៖ ថ្មីៗនេះ Google បានប្រកាសចេញនូវសេវាកម្ម AI ថ្មីមួយជាប្រភេទ chatbot ដែលមានឈ្មោះហៅថា Bard ហើយវាមានសមត្ថភាពស្រដៀងគ្នាទៅនឹងកម្មវិធី ChatGPT ដែលកំពុងល្បីល្បាញរបស់ក្រុមហ៊ុន Microsoft។ ខណៈបច្ចុប្បន្ននេះ Bard កំពុងស្ថិតនៅក្នុងការប្រើប្រាស់សាកល្បង ហើយមានគម្រោងដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសារបង្ហោះដោយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Alphabet លោក Sundar Pichai បាននិយាយថា Bard កំពុងស្ថិតក្នុងការពិសោធន៍ទៅលើភាសានិយាយ ដើម្បីអាចបង្កើតការសន្ទនាជាមួយមនុស្សបាន រួមទាំងអាចឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់បានថែមទៀតផង។ បន្ថែមពីនេះទៀតសេវាកម្ម AI ថ្មីនេះកំពុងតែត្រូវបានយកចិត្តទុកដាក់ទៅក្នុងការបញ្ចូលសមត្ថភាពខ្លាំងៗជាច្រើនបើធៀបទៅអ្វីដែល Google ចាត់ទុក ChatGPT ដែលជាគូប្រជែងរបស់ខ្លួនមិនមាន។ ជាពិសេសនោះគឺ សមត្ថភាព ដែលសេវាកម្ម Bard អាចឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងព័ត៌មានថ្មីៗជុំវិញពិភពលោកជារៀងរាល់ថ្ងៃ ខណៈដែលចំណុចខ្សោយរបស់ ChatGPT ដែលជាគូប្រជែងរបស់ខ្លួនអាចឆ្លើយតបព័ត៌មានថ្មីៗ (DATA ច្បាស់លាស់) បានត្រឹមតែឆ្នាំ២០២១ ប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា Bard នឹងត្រូវបានបំពាក់ដោយគំរូភាសា LaMDA ដែលមានសមត្ថភាពវិភាគការសន្ទនាដ៏ខ្លាំងបំផុតរបស់ Google ផ្ទាល់ ដូច្នេះជាមួយសមត្ថភាពខ្លាំងៗនៅលើសេវាកម្ម Bard ត្រូវបានគេរំពឹងថា ChatGPT អាចនឹងពិបាកយកឈ្នះនាពេលអនាគត៕